គណៈកម្មការអន្តរក្រសួងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ វាយតម្លៃ លទ្ធផលការងារថែទាំជាប្រចាំ ប្រព័ន្ធធារាសាស្ត្រខ្នាតធំចំនួន ០២ ប្រព័ន្ធធារាសាស្ត្រកង្ហត ខេត្តបាត់ដំបង និង ប្រព័ន្ធធារាសាស្រ្ត ស្ទឹងស្រែង របស់់ខេត្តឧត្តរមានជ័យ
ខេត្តបាត់ដំបង-ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃចន្ទ ១៣រោច ដល់ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការអន្តរក្រសួងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ វាយតម្លៃ លទ្ធផលការងារថែទាំជាប្រចាំ ប្រព័ន្ធធារាសាស្ត្រខ្នាតធំចំនួន ០២ រួមមានដូចខាងក្រោម ៖
១-ប្រព័ន្ធធារាសាស្ត្រ កង្ហត ស្ថិតក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង គ្របដណ្តប់ចំនួន ០៤ស្រុក( ស្រុកបាណន់ ស្រុកមោងឫស្សី ស្រុកកោះក្រឡ និងស្រុកសង្កែ) និងក្រុងបាត់ដំបង។ គម្រោងថែទាំជាប្រចាំនេះ ផ្តោតទៅលើសំណង់ស្ទាក់ស្ទឹង (Headwork)ចំនួន ០១កន្លែង និងសំណង់ទ្វារទឹកកាត់ប្រឡាយមេបេតុង សរុបចំនួន ៩២កន្លែង ប្រឡាយមេបេតុងចំនួន ០៩ខ្សែ ប្រវែងសរុប ១៣១.៩៩១ម៉ែត្រ។ ប្រព័ន្ធធារាសាស្ត្រនេះ មានសក្តានុពលស្រោចស្រព លើផ្ទៃដីចំនួន ៦៧.៧០០ហិកតា ហើយប្រជាពលរដ្ឋអាចបង្កបង្កើនផលពី ២ ទៅ ៣ដងក្នុងមួយឆ្នាំ។
២-ប្រព័ន្ធធារាសាស្រ្ត ស្ទឹងស្រែង ស្ថិតក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ប្រព័ន្ធធារាសាស្រ្តនេះ គ្របដណ្តប់លើស្រុកចំនួន ០៣ (ស្រុកចុងកាល់ ស្រុកស្រីស្នំ និងស្រុកភ្នំស្រុក) នៃខេត្តចំនួន ០៣ (ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ) គម្រោងថែទាំជាប្រចាំនេះ ផ្តោតទៅលើសំណង់ទ្វារទឹកកាត់ស្ទឹង (Headwork) ចំនួន ០២កន្លែង សំណង់បង្ហៀរកាត់ស្ទឹង០២កន្លែងប្រវែង ៩៨០ម៉ែត្រ ទំនប់សណ្ដស្ទឹង០១កន្លែង ប្រវែង ២.៩៨៤ម៉ែត្រ សំណង់ស្ទាក់ទឹកលើប្រឡាយមេ ចំនួន ៨០កន្លែង។ ប្រព័ន្ធធារាសាស្ត្រនេះ មានប្រឡាយមេចំនួន ០២ខ្សែ ដែលមានប្រវែងសរុប ៨១.០២៩ម៉ែត្រ និងថែទាំប្រឡាយរង០៣ខ្សែប្រវែង ១៥.៨៦៥ម៉ែត្រ ហើយមានសក្តានុពលស្រោចស្រព លើផ្ទៃដីចំនួន ២៥.០០០ហិកតា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំទឹកបំពេញបន្ថែមចូលអាងត្រពាំងថ្មផងដែរ ៕


































































