ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារបច្ចេកទេស បានចុះធ្វើការត្រួតពិនិត្យលើកិច្ចដំណើរការដ៏សកម្មភាពក្នុងតំបន់ការដ្ឋានប្រព័ន្ធធារាសាស្រ្តខ្នាតធំទំនប់អាងត្រពាំងថ្ម 

ខេត្តបន្ទាយមានជ័យ ÷ វឌ្ឍនភាពការងារការដ្ឋានផ្លូវចាក់ក្រាលបេតុងអាក់មេ ប្រវែងសរុប២១គីឡូម៉ែត្រ ព្រមទាំងលើកកម្ពស់ទំនប់លើខ្នងទំនប់អាងទឹកត្រពាំងថ្ម នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ៖
នៅថ្ងៃសៅរ៍ ១១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញប្រចាំខេត្តបន្ទាយមានជ័យ និងក្រុមការងារបច្ចេកទេស បានចុះធ្វើការត្រួតពិនិត្យលើកិច្ចដំណើរការដ៏សកម្មភាពក្នុងតំបន់ការដ្ឋានប្រព័ន្ធធារាសាស្រ្តខ្នាតធំទំនប់អាងត្រពាំងថ្ម បន្ទាប់ពីបើកការដ្ឋានក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លឹម គានហោ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ។
លទ្ធផលការងារការដ្ឋាន ដែលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់សរុប ១១២គ្រឿង សម្រេចបានរួមមាន ៖
– ការងារសំអាតព្រៃបានចំនួន ១០០%
– ការងារពង្រឹងនិងសំអាតជើងតេបានចំនួន១០០%
– ការងារកិនបង្ហាប់គ្រឹះក្រោមបានចំនួន ១០០%
– ការងារចាក់ថ្ម Mix M-40 ចំនួន ២៩៤ឡាន កិនបង្ហាប់បានចំនួន៤០% ដែលគ្រោងបញ្ចប់ក្នុងកំឡុង ៣០ ថ្ងៃខាងមុខ មុននឹងក្រាលបេតុងអាក់មេ កម្រាស់២០សង់ទីម៉ែត្រ ដើម្បីធានាគុណភាពផ្លូវ និងទំនប់អាងទឹកត្រពាំងថ្មឲ្យរឹងមាំយូអង្វែង ដែលពីមុនមានលទ្ធភាពស្តុកទឹកអតិបរមាត្រឹមចំនួន ១៨០លានម៉ែត្រគូប មកខ្ចប់វិចទឹកទុកក្នុងបរិមាណដល់ ៣០០ លានម៉ែត្រគូប ៕