ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំមន្ត្រីជំនាញនាយកដ្ឋានពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រមួយចំនួន នៅក្នុងខេត្តកំពង់ចាម និងព្រៃវែង
ខេត្តកំពង់ចាម ÷ ខេត្តព្រៃវែង នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ដែលជាប្រធានមុខព្រួញខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រមួយចំនួន ព្រមទាំងការងារបង្កបង្កើនផលស្រូវរដូវវស្សានៅក្នុងខេត្តកំពង់ចាម ៖
– តាមការពិនិត្យជាក់ស្តែង ស្ថានភាពទឹកទន្លេមេគង្គគិតត្រឹមពេលនេះ ទឹកទន្លេមេគង្គមានកម្ពស់ ៨,៣៨ម៉ែត្រ បេីធៀបនឹងឆ្នាំមុនកម្ពស់ត្រឹមតែ ៦,៤៦ម៉ែត្រ ខុសគ្នា ១,៩២ម៉ែត្រ ហើយកំពុងហក់ឡើងចូលព្រែកមួយចំនួន រីឯទំនប់អាងទឹកមួយចំនួននៃប្រព័ន្ធធារាសាស្រ្ត បាននឹងកំពុងតែទទួលបរិមាណទឹកភ្លៀងដែលធ្លាក់រាយប៉ាយស្ទេីរបានពេញទាំងស្រុង ដែលនាពេលបច្ចុប្បន្ន គឺមានលក្ខណៈល្អប្រសេីរសម្រាប់បម្រេីដល់ការងារបង្កបង្កេីនផលស្រូវរដូវវស្សារបស់ប្រជាកសិករនាពេលខាងមុខនេះ។
– ការងារគ្រប់គ្រងទឹក៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ក៏បានបង្កេីនការយកចិត្តទុកដាក់លេីការគ្រប់គ្រងបរិមាណទឹកតាមទំនប់អាងទឹកនីមួយៗ ដោយបានចាត់ឲ្យមានឆ្មាំប្រចាំការជាប់ជាប្រចាំសម្រាប់បញ្ជាការបិទ-បេីកទ្វារទឹក ក្នុងបរិបទដែលកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ក៏ដូចជាការត្រៀមបង្ការ និងទប់ស្កាត់នូវគ្រោះមហន្តរាយនានាដែលអាចកេីតមានឡេីងជាយថាហេតុនាចុងរដូវវស្សានេះ។ បន្ថែមពីលេីនេះផងដែរ ឯកឧត្តម ក៏បានផ្តាំផ្ញេីតាមរយ:ប្រធានមន្ទីរខេត្ត ឲ្យជួយធ្វេីការផ្សព្វផ្សាយប្រាប់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែក និងដងទន្លេមេគង្គ បង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយនឹងស្ថានភាពការហក់ឡេីងនៃទឹកទន្លេមេគង្គ និងទឹកភ្លៀងនាពេលបច្ចុប្បន្ន និងពេលខាងមុខនេះផងដែរ។ ស្របពេលនេះផងដែរ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានបញ្ជាក់ផងដែរថា៖ ដោយមានភ្លៀងដេីមរដូវជាហូរហែ គិតរហូតមកដល់ពេលនេះ ខេត្តកំពង់ចាមល្បឿននៃការបង្កបង្កើនផលស្រូវរដូវវស្សាអនុវត្តបានចំនួន ៨៦.១៣៨ហិកតា=៩៩,៥៨% លេីផែនការសរុបចំនួន ៨៦.៥០០ហិកតា។
ឯកឧត្តម ឈា ប៊ុនរិទ្ធ និងក្រុមការងារ ក៏បានចុះពិនិត្យជាក់ស្តែងនូវស្ថានភាពប្រព័ន្ធធារាសាស្ត្រមួយចំនួនដែលទេីបតែបញ្ចប់ការសាងសង់រួច និងជួសជុលខួប ព្រមទាំងបណ្តាប្រព័ន្ធធារាសាស្រ្តមួយចំនួនទៀតនៅក្នុងខេត្តកំពង់ចាម ដែលមានជាអាទិ៍ដូចខាងក្រោម៖
– សំណង់បង្ហៀរនៃប្រព័ន្ធធារាសាស្ត្រស្ទឹងឆ្វេង ស្ថិតក្នុងឃុំច្បារអំពៅ ស្រុកបាធាយ ដែលទេីបតែសាងសង់ថ្មីរួច
– សំណង់បង្ហៀរនៃប្រព័ន្ធធារាសាស្ត្រអន្លង់ជ្រៃ ស្ថិតក្នុងឃុំច្បារអំពៅ ស្រុកបាធាយ ដែលទេីបតែសាងសង់ថ្មីរួច
– ប្រព័ន្ធធារាសាស្ត្រគោអេីត ស្ថិតក្នុងឃុំមេព្រីង ស្រុកបាធាយ ដែលទេីបតែជួសជុលបញ្ចប់សុពលភាព ១០០%
– ប្រព័ន្ធធារាសាស្ត្រពោធិ៍តាត្រេះ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដដែលទេីបតែជួសជុលខួប
នាពេលរសៀលថ្ងៃដដែល ឯកឧត្តមអគ្គនាយក និងក្រុមការងារដោយមានការចូលរួមពីលោក ឃុន សាខឿន ប្រធានមន្ទីរ និងមន្ត្រីជំនាញនៃធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បន្តដំណេីរចុះពិនិត្យជាក់ស្តែងដល់ទីតាំងស្ទឹងជោរដែលត្រូវស្តារ ស្ថិតក្នុងភូមិថ្នល់កែង ឃុំស្មោងជេីង និងភូមិជោរទី១ ឃុំក្រញូង ស្រុកកំចាយមារ ក្នុងគោលបំណងដេីម្បីបង្កេីនបរិមាណស្តុកទឹកសម្រាប់បម្រេីដល់ប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋក្នុងតំបន់អាចប្រេីប្រាស់បានគ្រប់គ្រាន់ជាប្រចាំថ្ងៃ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ ការងារស្តារសម្រេចបានប្រមាណ ៨០%។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយក ក៏បានណែនាំការស្តារឲ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស និងគំនូសប្លង់ដែលបានឯកភាពគ្នារវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់មូលដ្ឋាន ដើម្បីធ្វើឲ្យដំណើរការស្តារស្ទឹងជោរនេះសម្រេចបានជោគជ័យ ១០០% នាពេលដ៏ខ្លីខាងមុខនេះ៕


























































