ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង​ និងមន្ទីរចុះពិនិត្យមើលសំណង់ស្ទាក់ទឹកស្ទឹងជីនិត​ ស្ថិតនៅ ស្រុកសន្ទុក​ និងស្រុកបារាយណ៍​ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ÷ នៅថ្ងៃអង្គារ ១២កេីត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២​ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស រួមដំណេីរដោយលោក​ ឈុន​ ពុទ្ធារិទ្ធ​ អគ្គនាយករង​ និងលោកប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធមួយចំនួន សហការជាមួយលោក​ យូ​ ឡា​ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តកំពង់ធំ​ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង​ និងមន្ទីរចុះពិនិត្យមើលសំណង់ស្ទាក់ទឹកស្ទឹងជីនិត​ និងសំណង់លូជ្រុង ជាសមិទ្ធផលថ្មីមួយទៀតដែលរាជរដ្ឋាភិបាល និងក្រសួងធនធានទឹក និងឧតុនិយមទើបសម្រេចបាន និងផ្តល់ជូនជាចំណងដៃដល់ប្រជាកសិករស្ថិតនៅ ស្រុកសន្ទុក​ និងស្រុកបារាយណ៍​ ខេត្តកំពង់ធំ។ ក្រុមការងារនាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តេីមការងារសាងសង់នៃគម្រោងខាងលើនេះកាលពីខែកុម្ភ:​ ឆ្នាំ២០២២​ ហើយគិតរហូតមកដល់បច្ចុប្បន្នសម្រេចបានរួចរាល់ជាស្ថាពរ​ ១០០%។ ទំហំការងារដែលអនុវត្តក្នុងនោះរួមមាន៖​
១-សាងសង់ទំនប់​ប្រវែង​ ១៥០ម៉ែត្រ​
២-ជីកប្រឡាយ​ប្រវែង​ ១៣៥ម៉ែត្រ​
៣-សាងសង់សំណង់ស្ទាក់ទឹក(ទ្វារធំ១៣​ ទ្វារតូច០៣)​ ចំនួន០១កន្លែង​
៤-សាងសង់សំណង់លូជ្រុង(ទ្វារ២)​ ចំនួន០១កន្លែង​
សមត្ថភាពនៃសំណង់ស្ទាក់ទឹកនេះ​ គឺអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយទឹកជូនដល់ប្រជាកសិករ​ក្នុងតំបន់នោះ ព្រមទាំងអាចបង្កេីនបរិមាណទឹកសម្រាប់ស្រោចស្រពបន្ថែមលេីផ្ទៃដីបង្កបង្កេីនផលកសិកម្មស្រូវរដូវវស្សាចំនួន​ ១.១៥០ហិកតា​ ស្រូវរដូវប្រាំងចំនួនចំនួន​ ១.៣៦០ហិកតា​ និងដំណាំរួមផ្សំចំនួន​ ៣០ហិកតា​ រួមទាំងសម្រាប់ប្រេីប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន​ ១៥ភូមិ​ ដែលមានគ្រួសារចំនួន​ ២.៣២៩​ ផងដែរ។
ជាមួយគ្នានេះផងដែរ​ ឯកឧត្តមអគ្គនាយក​ ក៏បានធ្វេីការកោតសរសេីរ​ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារនាយកដ្ឋានវិស្វកម្ម​ដែលអនុវត្តការងារសាងសង់សម្រេចបានតាមផែនការកំណត់ បើទោះបីជាឆ្នាំនេះព្រះរាជាណាច្រកកម្ពុជា​ បាននិងកំពុងតែទទួលរងនូវឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប និងព្យុះជាបន្តបន្ទាប់តាំងពីអំឡុងខែមីនាយ៉ាងណាក៏ដោយ​ ក៏ក្រុមការងារនៅតែបានពុះពារព្យាយាមខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអនុវត្តគម្រោង​ ដោយសម្រេចបានលទ្ធផលជោគជ័យ​គួរជាទីមោទន:​ និងប្រកបដោយប្រសិទ្ធភាពខ្ពស់​ ព្រមទាំងបានទាន់ពេលវេលាសម្រាប់ការងារបង្កបង្កេីនផលស្រូវរដូវវស្សា​ និងការប្រេីប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករនៅក្នុងតំបន់។
នាពេលរសៀលថ្ងៃដដែល​ ឯកឧត្តមអគ្គនាយក​ និងក្រុមការងារ​ ក៏បានចុះពិនិត្យមេីលស្ថានភាពទឹកនៅត្រង់ចំណុចទីតាំងចំនួន​ ០២​ ដែលរួមមាន៖
១-ស្ទឹងស្លាប់​ ត្រង់ចំណុចនៅផ្នែកខាងចុងនៃប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង​ ស្ថិតក្នុងឃុំ​ជ្រាប់​ ស្រុកសន្ទុក​ ដែលអាចនាំទឹកសម្រាប់ស្រោចស្រពដំណាំស្រូវប្រមាណ​ ១០.៤៦០ហិកតា​ និងហូរចូលចាក់ទៅទន្លេសាបផងដែរ។
២-កម្ពស់ទឹកស្ទឹងសែន​ ត្រង់ចំណុចឃុំកំពង់គោ​ ស្រុកកំពង់ស្វាយ។ តាមការរាយការណ៍ពីលោកប្រធានមន្ទីរ និងការចុះពិនិត្យជាក់ស្តែងលើទីតាំងមួយចំនួន ជារួមស្ថានភាពទឹកនៅតាមបណ្តាស្ទឹងសំខាន់ៗនៅក្នុងខេត្តកំពង់ធំ មិនទាន់ហក់ឡើងដល់កម្រិតគួរឲ្យព្រួយបារម្ភនៅឡើយនោះទេ គិតមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នេះ៕