ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ​ បានចុះពិនិត្យ​ជាក់ស្តែងការជីកប្រឡាយកាត់ក្បាលទំនប់នៃប្រព័ន្ធធារាសាស្ត្រទំនប់កំពង់រាំង​ ស្ថិតនៅព្រំប្រទល់រវាង ស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ​ និងស្រុកឆ្លូង​ ខេត្តក្រចេះ​

ខេត្តត្បូងឃ្មុំ​ – ខេត្តក្រចេះ​ ÷ នៅថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២​ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស រួមដំណេីរដោយប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ សហការជាមួយលោក​ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តត្បូងឃ្មុំ​ និងអនុប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តក្រចេះ​ ដោយមានការចូលរួមពីរដ្ឋបាលស្រុក​ អាជ្ញាធរមូលដ្ឋាន​ និងប្រជាពលរដ្ឋ​ បានចុះពិនិត្យ​ជាក់ស្តែងការជីកប្រឡាយកាត់ក្បាលទំនប់នៃប្រព័ន្ធធារាសាស្ត្រទំនប់កំពង់រាំង​ ស្ថិតនៅព្រំប្រទល់រវាង ស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ​ និងស្រុកឆ្លូង​ ខេត្តក្រចេះ​ ដែលបានសាងសង់ឡេីងក្នុងសម័យ ប៉ុល​ ពត​ និងធ្វេីការជួសជុលស្តារឡេីងវិញដោយក្រសួងធនធានទឹក និងឧតុនិយមនៅឆ្នាំ​ ២០១១​ សម្រាប់ការស្រោចស្រពលេីដីស្រែប្រាំងចំនួន​ ០៤ឃុំ​ ក្នុងស្រុកឆ្លូង​ ព្រមទាំងផ្នែកខ្លះទៀតនៃស្រុកតំបែរ​ លេីផ្ទៃដីសរុបប្រមាណ ១.០០០ហិកតា​។
គោលបំណងនៃបេសកកម្មនេះ គឺដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរទាំងពីរ ចុះពិនិត្យទីតាំងសំណើសុំ សំណង់ទ្វារចំនួន០២ កន្លែង​ ដែលជាតម្រូវការ និងសំណូមពរចាំបាច់របស់របស់ប្រជាពលរដ្ឋនៅភូមិកំពង់រាំង និងភូមិស្រែខ្សាច់ ព្រមទាំងដេីម្បីសិក្សាបច្ចេកទេសសមិទ្ធិលទ្ធភាពធ្វេីសំណង់ទ្វារ​ដោះទឹក លេីទំនប់ដែលមានស្រាប់​ សម្រាប់បង្ហូរទឹកចេញជួយដោះស្រាយនូវផលប៉ះពាល់​ដោយជំនន់ទឹកភ្លៀង ក៏ដូចជាសម្រួលដល់ការងារបង្កបង្កេីនផលស្រូវរដូវប្រាំងរបស់ប្រជាកសិករក្នុងតំបន់នោះផងដែរ។​
ឆ្លៀតក្នុងឱកាសនេះផងដែរ​ ឯកឧត្តមប្រធាន​ ក៏បានបញ្ជាក់ផងដែរថា​ ការងារនេះជាប្រយោជន៍រួមអន្តរខេត្ត​ ដូចនេះអាចសម្រេចទៅបានទាល់តែមានកិច្ចសហការពីប្រជាពលរដ្ឋក្នុងតំបន់​ រដ្ឋបាលគ្រប់ជាន់ថ្នាក់​ រួមទាំងមន្ទីរទាំងពីរ​ និងនាយកដ្ឋានជំនាញពាក់ព័ន្ធផងដែរ។
នាពេលរសៀលថ្ងៃដដែល​ ឯកឧត្តមអគ្គនាយក​ ព្រមទាំងក្រុមការងារ​ ក៏បានបន្តចុះពិនិត្យជាក់ស្តែង​ស្ថានភាពទឹកទន្លេមេគង្គ និងប្រព័ន្ធធារាសាស្រ្តមួយចំនួន​ រួមមាន៖
១.ស្ពានកំពង់រាំង​ ព្រំប្រទល់ខេត្តក្រចេះ​ និងខេត្តកំពង់ចាម
២.ប្រព័ន្ធធារាសាស្ត្រទំនប់សេដា​ ស្ថិតក្នុងឃុំបុស្សលាវ​ ស្រុកចិត្របុរី​ ខេត្តក្រចេះ​ ដែលអាចស្រោចស្រពផ្ទៃដីស្រែប្រាំងប្រមាណ​ ៣៥០ហិកតា​ និងជាផ្លូវគមនាគមន៍សម្រាប់ប្រជាកសិករដឹកកសិផល។
៣.ស្ថានីយបូមទឹក​ ហ៊ុន​ សែន​ ទី៥១​ និងផ្លូវក្រវាត់វាងក្រុង​ ស្ថិតក្នុងទីរួមខេត្តក្រចេះ​ ដេីម្បីបូមរំដោះទឹកភ្លៀងពីទីរួមខេត្តក្រចេះ​ ជាពិសេសផ្សារក្រចេះ​ ទម្លាក់ទៅបឹងរំលាច។
៤.ស្ថានីយជលសាស្ត្រវាស់កម្ពស់ទឹកទន្លេមេគង្គ​ ស្ថិតក្នុងទីរួមខេត្តក្រចេះ។
គិតចាប់តាំងពីដើមឆ្នាំ រហូតមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះ ខេត្តក្រចេះទទួលបានបរិមាណទឹកភ្លៀងសរុបប្រមាណ ១.៣០០មីល្លិម៉ែត្រ ចំណែកកម្រិតកម្ពស់ទឹកអតិបរមានៅស្ថានីយជលសាស្ត្រទន្លេមេគង្គ-ក្រចេះគឺ ១៩ម៉ែត្រ (ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២)។ ស្ថិតនៅកម្រិតកម្ពស់ទឹកនេះ ទឹកបានហូរចូលព្រែកធំចំនួន០៥ និងគ្រប់ព្រែកតូចៗទាំងអស់ទូទាំងខេត្តក្រចេះ។ ជារួមស្ថានភាពទឹកនៅតាមបណ្តាទីតាំងសំខាន់ៗក្នុងខេត្តក្រចេះ មិនទាន់ហក់ឡើងដល់កម្រិតគួរឲ្យព្រួយបារម្ភនៅឡើយនោះទេ។ បន្ថែមពីលេីនេះផងដែរ​ ឯកឧត្តមអគ្គ​ និងក្រុមការងារ​ ក៏បានផ្តាំផ្ញេីដល់មន្ទីរធនធានទឹក​ និងឧតុនិយមខេត្តក្រចេះ​ ត្រូវចុះមកពិនិត្យស្ថានីយជលសាស្ត្រនីមួយៗឲ្យបានជាទៀងទាត់​ និងសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ​ ដោយបង្កេីតគ្រុបក្រុមការងារ​ ក្នុងការចែករំលែកនូវព័ត៌មាន ដេីម្បីអាចគ្រប់គ្រងស្ថានការនានាបានទាន់ពេលវេលាផងដែរ៕
https://youtu.be/6tVu8s5Wn8s