ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារក្រសួង​ និងមន្ទីរ​ ចុះជួបប្រជុំពិភាក្សាជាមួយលោកអភិបាលស្រុកកងមាស​ មន្ត្រីរដ្ឋបាលស្រុក​ លោកមេឃុំ ពាក់ព័ន្ធចំនួន ០៧ឃុំ ដេីម្បីឆ្លេីយតបទៅនឹងសំណេី និងសំណូមពរសុំសាងសង់ទំនប់​ ប្រឡាយ​ ទំនប់បង្ហៀរ និងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ​ ចំនួន ១៦ទីតាំង​ ក្នុងភូមិសាស្ត្រ​ ស្រុកកងមាស​

ខេត្តកំពង់ចាម ÷ នៅថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២​ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស រួមដំណេីរដោយប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ សហការជាមួយលោក​ អ៊ុម​ វិបុល​ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តកំពង់ចាម​ បានដឹកនាំក្រុមការងារក្រសួង​ និងមន្ទីរ​ ចុះជួបប្រជុំពិភាក្សាជាមួយលោកអភិបាលស្រុកកងមាស​ មន្ត្រីរដ្ឋបាលស្រុក​ លោកមេឃុំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន​ពាក់ព័ន្ធចំនួន ០៧ឃុំ ដេីម្បីឆ្លេីយតបទៅនឹងសំណេី និងសំណូមពរសុំសាងសង់ទំនប់​ ប្រឡាយ​ ទំនប់បង្ហៀរ និងហេដ្ឋ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ​ ចំនួន ១៦ទីតាំង​ ក្នុងភូមិសាស្ត្រ​ ស្រុកកងមាស​ តាមរយៈក្រុមការងារថ្នាក់ជាតិ។ ក្នុងឱកាសជំនួបពិភាក្សានេះផងដែរ​ ឯកឧត្តមអគ្គនាយកបច្ចេកទេស និងក្រុមការងារជំនាញក្រសួង/មន្ទីរ បានជម្រាបជូន និងស្នើសុំឲ្យលោកមេឃុំពាក់ព័ន្ធទាំងអស់ កំណត់នូវតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅតាមឃុំនីមួយៗ​ ដេីម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ចុះធ្វេីការសិក្សាលម្អិតបន្ថែមអំពីលក្ខខណ្ឌបច្ចេកទេស និងលើកគម្រោង​ផែនការថវិកាទៅតាមឆ្នាំនីមួយៗ ស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យបានទាន់ពេលវេលាកំណត់ ស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិ និងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលត្រូវផ្តោតសំខាន់ទៅលើការដោះស្រាយនូវសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសមួយដំណាក់កាលម្តងៗទៅតាម​លំដាប់អាទិភាព និងតាមវិស័យនីមួយៗ។
នាពេលរសៀលថ្ងៃដដែល​ ឯកឧត្តមអគ្គនាយក​ និងក្រុមការងារ​ ព្រមទាំងលោកអភិបាលស្រុក លោកមេឃុំ មន្រ្តីមូលដ្ឋានទាំងអស់ ក៏បានចុះពិនិត្យមើលជាក់ស្តែង​ដល់ទីតាំងគម្រោងដែលបានស្នើសុំមួយចំនួន​​ រួមមានដូចខាងក្រោម ៖
១- ប្រឡាយព្រែកក្របៅ​ ស្ថិតក្នុងឃុំព្រែកក្របៅ​ ដែលមានសភាពគោករាក់​ និងទំហំតូច​ ដែលក្រុមប្រឹក្សាឃុំស្នេីសុំស្តារឡើងវិញ ដើម្បីនាំយកទឹកពីបឹងបបោសមកស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ៤០០ ហិកតា
២- ទំនប់ព្រែកអ៊ុន​ ស្ថិតក្នុងឃុំរកាអារ​​ ដែលក្រុមប្រឹក្សាឃុំស្នេីជួសជុលទំនប់​ និងសាងសង់សំណង់បង្ហៀរ
៣.ព្រែកអន្លង់គគីរ​ ស្ថិតក្នុងឃុំស្តៅ​​ ដែលក្រុមប្រឹក្សាឃុំស្នេីសុំសាងសង់សំណង់ស្ទាក់ទឹក-បង្ហៀរទឹកលើតួព្រែក ដើម្បីរក្សាទឹកទុកប្រើប្រាស់នៅរដូវទឹកសម្រក។
ជាមួយគ្នានេះផងដែរ​ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ក៏បានបញ្ជាក់ផងដែរ អំពី:
⁃ ស្ថានភាពទឹកទន្លេមេគង្គ-កំពង់ចាម​ ​ដែលគិតត្រឹមថ្ងៃ១៣​ ខែសីហា​ ឆ្នាំ២០២២នេះ ទឹកទន្លេមានកម្ពស់ ១២,២១ម៉ែត្រ ហើយកំពុងហក់ឡើងចូលព្រែកចំនួន២២លេីព្រែកសរុប៤១ រីឯទំនប់អាងទឹកមួយចំនួននៃប្រព័ន្ធធារាសាស្រ្ត​ បាននិងកំពុងតែទទួលបរិមាណទឹកភ្លៀង​ស្ទេីរពេញទាំងស្រុង​ ដែលមានលក្ខណៈល្អប្រសេីរសម្រាប់បម្រេីដល់ការងារបង្កបង្កេីនផលស្រូវរដូវវស្សា​ និងដំណាំរួមផ្សំនាពេលខាងមុខនេះ។
⁃ ​ចំពោះល្បឿននៃការបង្កបង្កើនផលស្រូវរដូវវស្សា ខេត្តកំពង់ចាមអនុវត្តបានចំនួន​ ៩១.៩៧២ហិកតា=១០៦,៣៣% លេីផែនការសរុបចំនួន ៨៦.៥០០ហិកតា ដោយមានភ្លៀងដេីមរដូវជាហូរហែ​ រហូតមកដល់ពេលនេះ​
⁃ គិតចាប់តាំងពីដើមឆ្នាំ រហូតមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះ ខេត្តកំពង់ចាម ទទួលបាននូវបរិមាណទឹកភ្លៀងសរុបប្រមាណ ១.១៤៧,៩មីល្លិម៉ែត្រ​ ធៀបនឹងឆ្នាំ២០២១​ គឺទទួលបានត្រឹមតែ​ ៧៩៣,៨មីល្លិម៉ែត្រ​ប៉ុណ្ណោះ ៕