ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ដឹកនាំក្រុមការងារក្រសួង​ និងមន្ទីរ​ ជួបប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុន​ ប្រាយម៍​ រ៉ូដ​ អលថឺណេធីវ(ខេមបូឌា)​ ឯ.ក​ ដេីម្បីឆ្លេីយតបតាមសំណេីសុំប្រេីប្រាស់ទឹកក្រោមដីនៅក្នុងរោងចក្រផលិតអគ្គិសនីដោយថាមពលពន្លឺព្រះអាទិត្យ​ ៦០មេហ្គាវ៉ាត់​ ស្ថិតនៅភូមិព្រៃជ្រៅ​ ឃុំក្បាលទឹក​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង​

ខេត្តកំពង់ឆ្នាំង ÷ នៅថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២​ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ដោយមានការចូលរួមពី​ លោក​ សែម​ សំណាង​ ប្រធាននាយកដ្ឋានទឹកស្អាត​ និងអនាម័យ​ លោក​ ថាច់​ សុវណ្ណា​ ប្រធាននាយកដ្ឋានគ្រប់គ្រង​ និងអភិរក្សធនធានទឹក​ សហការជាមួយលោក​ ដោក​ ប៊ុនថុន​ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តកំពង់ឆ្នាំង​ បានដឹកនាំក្រុមការងារក្រសួង​ និងមន្ទីរ​ ជួបប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុន​ ប្រាយម៍​ រ៉ូដ​ អលថឺណេធីវ(ខេមបូឌា)​ ឯ.ក​ ដេីម្បីឆ្លេីយតបតាមសំណេីសុំប្រេីប្រាស់ទឹកក្រោមដីនៅក្នុងរោងចក្រផលិតអគ្គិសនីដោយថាមពលពន្លឺព្រះអាទិត្យ​ ៦០មេហ្គាវ៉ាត់​ ស្ថិតនៅភូមិព្រៃជ្រៅ​ ឃុំក្បាលទឹក​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង​។
តាមការចុះពិនិត្យជាក់ស្តែង​ ក្រុមការងារក្រសួង​ និងមន្ទីរ​ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន​ ដែលបានបំពេញនីតិវិធីច្បាប់បានត្រឹមត្រូវ​ ព្រមទាំងគោរពទៅតាមលក្ខខណ្ឌចាំបាច់ផ្សេងទៀត ដូចជា​ បានជីកអណ្តូងចំនួន​ ០៣កន្លែង​ ដែលក្នុងនោះអណ្តូង ០១កន្លែង​ ជាអណ្តូងសម្រាប់បូមទឹកយកមកប្រើប្រាស់(Production Well) និង០២កន្លែងផ្សេងទៀតជាអណ្តូងសម្រាប់តែត្រួតពិនិត្យ​ តាមដាននូវកម្រិតនីវ៉ូស្តាទិចទឹកក្រោមដី​(Monitoring Wells)​។
បន្ថែមពីលេីនេះ ឆ្លៀតក្នុងឱកាសនៃជំនួបពិភាក្សានេះផងដែរឯកឧត្តមអគ្គនាយក​ និងក្រុមការងារ​ បានបញ្ជាក់ផងដែរ​ថា ក្នុងបរិបទនៃបម្រែបម្រួល​អាកាសធាតុ ក្រសួងតែងតែយកចិត្តដាក់ខ្ពស់លេីការគ្រប់គ្រង​ និងអភិរក្សធនធានទឹក​ ទាំងទឹកនៅលេីដី​ និងទឹកក្រោមដី​ ដេីម្បីបម្រេីដល់តម្រូវការប្រើប្រាស់របស់ប្រយោជន៍សាធារណជនទូទៅ និងសម្រាប់ការស្រោចស្រពរបស់បងប្អូនប្រជាកសិករ​។ ដូចនេះ​ ក្រុមការងារក្នុងនាមថ្នាក់ដឹកនាំក្រសួង បានស្នេីដល់ក្រុមហ៊ុនផងដែរថា​ បន្ទាប់ពីការជីកអណ្តូងទាំងអស់រួចរាល់​ ក្រុមហ៊ុនត្រូវផ្តល់ឯកសារលម្អិតបច្ចេកទេសអណ្តូង​ មានដូចជា​:​ ប្រភេទដី​ បរិមាណទឹក​ គុណភាពទឹក​ ជម្រៅអណ្តូង​ ផែនការ​ និងរបាយការណ៍ប្រេីប្រាស់ទឹកក្រោមដីជារៀងរាល់ត្រីមាសផ្ញេីជូនមន្ទីរ​ និងក្រសួងបានជ្រាប​ ដេីម្បីអាចមានចំណាត់ការបន្ថែមក្នុងករណីបន្ទាន់​ និងចាំបាច់ណាមួយផងដែរ ៕