ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ  អមដំណើរដោយ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ព្រមទាំងក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅបណ្តាខេត្តភាគពាយព្យប្រទេស ជាក់ស្តែងព្រឹកនេះពិនិត្យទីតាំងទី១ នៅទំនាបប្រឡាយកុមារ ដែលជាតំបន់ប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប និងបន្តរចុះពិនិត្យនៅទីតាំងទី២ ស្ថិតនៅភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

នៅថ្ងៃសុក្រ ១៣រោច ខែភក្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ព្រមទាំងក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅបណ្តាខេត្តភាគពាយព្យប្រទេស ជាក់ស្តែងព្រឹកនេះពិនិត្យទីតាំងទី១ នៅទំនាបប្រឡាយកុមារ ដែលជាតំបន់ប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប និងបន្តរចុះពិនិត្យនៅទីតាំងទី២ ស្ថិតនៅភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
ដោយមានគោលបំណងសំខាន់ៗចំនួន ០២ រួមមាន ៖
១- ចុះពិនិត្យ និងវាយតម្លៃស្ថានភាពជំនន់ នៅតំបន់ទំនាបជុំវិញបឹងទន្លេសាប ដែលជំនន់ទាំង០២ប្រភេទ កើតឡើងដោយភ្លៀងធ្លាក់ខ្លាំង (Flash Flood) និងដោយបរិមាណភ្លៀងធ្លាក់ជាប់រដឹកជាច្រើនថ្ងៃ ( Over Flow ) ។
២- ត្រួតពិនិត្យ និងមានវិធានការជាយុទ្ធសាស្រ្ត ដែលអាចអនុវត្តក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដើម្បីបញ្ជៀសនូវការលិចលង់នានា ដែលតែងតែកើតមានឡើងជាយថាហេតុ ។ ជាក់ស្តែងចាប់តាំងពីដើមរដូវវស្សារឆ្នាំនេះក្រសួងបានត្រៀមនូវគ្រប់មធ្យោបាយ មានទាំងសម្ភារៈ គ្រឿងចក្រ និងកម្លាំងមន្រ្តី ប្រចាំការ នៅគ្រប់មុខព្រួញរាជធានី-ខេត្ត ដើម្បីត្រៀមអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានដាក់ផែនការ និងណែនាំឲ្យជួសជុលជាបន្ទាន់ផងដែរ នូវប្រព័ន្ធធារាសាស្ត្រណាដែលខូតខាតដោយជំនន់បន្ទាប់ពីទឹកចាប់ផ្តើមស្រកភ្លាមៗ បើពុំនោះគឺមិនអាចធានាខ្ចប់ទុករក្សាទឹកគ្រប់គ្រាន់ ដើម្បីបម្រើដល់ការបង្កបង្កើនផល និងទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នារដូវប្រាំងខាងមុខនោះឡើយ ៕