ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជាប្រធានអនុក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត(Sub-TWG on ISWM) និងឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស និងជាអនុប្រធានអនុក្រុមការងារ បានអនុញ្ញាតឲ្យលោក Gabriel Lambert ប្រធានក្រុមទីប្រឹក្សា TA-ISWM ថ្មី និងលោកព្រុំ វិរ៉ាត្ថា អនុប្រធានក្រុម TA-ISWM (គម្រោង WAT4CAM) ចូលជួបសម្តែងការគួរសម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជាប្រធានអនុក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត(Sub-TWG on ISWM) និងឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស និងជាអនុប្រធានអនុក្រុមការងារ បានអនុញ្ញាតឲ្យលោក Gabriel Lambert ប្រធានក្រុមទីប្រឹក្សា TA-ISWM ថ្មី និងលោកព្រុំ វិរ៉ាត្ថា អនុប្រធានក្រុម TA-ISWM (គម្រោង WAT4CAM) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដែលបានអនុវត្តកន្លងមក។
គម្រោង WAT4CAM គឺជាគម្រោងទទួលបានថវិកាកម្ចីពីទីភ្នាក់ងារទឹកបារាំង និងមានគោលដៅជួយលើការងារគ្រប់គ្រងធនធានទឹកចម្រុះ និងការងារស្តារហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគិតចាប់ផ្តើមពីដំណាក់កាលទី១ សម្រាប់រយៈពេល ៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២៤។
ដោយឡែកនៅក្នុងសមាសភាគទី២ (Component 2) គម្រោង WAT4CAM មានតួនាទីក្នុងការជួយគាំទ្រអនុក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត ដើម្បីរៀបចំឯកសារគោលនយោបាយសំខាន់ៗ និងឯកសារគតិយុត្តមួយចំនួនពាក់ព័ន្ធសហគមន៍កសិករប្រើប្រាស់ទឹក ដូចជារៀបចំគំរូលក្ខន្តិកៈសហគមន៍កសិករប្រើប្រាស់ទឹកជាដើម។
ឯកឧត្តមរដ្ឋលេខាធិការ មានសេចក្តីសោមនស្ស និងកោតសរសើរចំពោះក្រុមទីប្រឹក្សាដែលបានខិតខំជ្រោមជ្រែងក្នុងការរៀបចំឯកសារគោលនយោបាយមួយចំនួន និងបានស្នើឲ្យ TA-ISWM យកចិត្តទុកដាក់បន្ថែមទៀតទាំងការងារបច្ចេកទេស និងការងារឯកសារគតិយុត្តដើម្បីធ្វើយ៉ាងណាឲ្យគម្រោង WAT4CAM ទទួលបានជោគជ័យ និងឆ្លើយតបទៅនឹងការពង្រីកសក្តានុពលទឹកក្រោមបរិបទនៃការប្រែប្រួលអាកាសធាតុ ៕