ឯកឧត្តម​ ប៉ុញ​ សច្ច:​ រដ្ឋលេខាធិការក្រសួងធនធានទឹក​ និងឧតុនិយម​ បានដឹកនាំ​ក្រុមការងារបច្ចេកទេសក្រសួង ជួបពិភាក្សាបន្តជាមួយនឹងតំណាងមជ្ឈមណ្ឌលអន្តរជាតិសម្រាប់សន្តិសុខទឹក និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព​ (i-WSSM) និងវិទ្យាស្ថានអង្កេតជលសាស្ត្រកូរ៉េ​ (KIHS) ក្រោមការឧបត្ថម្ភ​ និងគាំទ្រដោយក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ​ ក្នុងការអនុវត្តគម្រោងកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) មានរយៈពេល ០៣ឆ្នាំ (២០២១-២០២៣) លើគម្រោង​ ស្តីពីការអង្កេតជលសាស្ត្រនៅកម្ពុជា

នៅថ្ងៃសុក្រ ៤កេីត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស​.២៥៦៦ ត្រូវនឹងថ្ងៃទី​២៨ ខែតុលា​ ឆ្នាំ២០២២ នៅទីស្តីការក្រសួងធនធានទឹក​ និងឧតុនិយម​ ឯកឧត្តម​ ប៉ុញ​ សច្ច:​ រដ្ឋលេខាធិការក្រសួងធនធានទឹក​ និងឧតុនិយម​ បានដឹកនាំ​ក្រុមការងារបច្ចេកទេសក្រសួង ជួបពិភាក្សាបន្តជាមួយនឹងតំណាងមជ្ឈមណ្ឌលអន្តរជាតិសម្រាប់សន្តិសុខទឹក និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព​ (i-WSSM) និងវិទ្យាស្ថានអង្កេតជលសាស្ត្រកូរ៉េ​ (KIHS) ក្រោមការឧបត្ថម្ភ​ និងគាំទ្រដោយក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ​ ក្នុងការអនុវត្តគម្រោងកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) មានរយៈពេល ០៣ឆ្នាំ (២០២១-២០២៣) លើគម្រោង​ ស្តីពីការអង្កេតជលសាស្ត្រនៅកម្ពុជា។
នៅក្នុងឱកាសនៃជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋលេខាធិការ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំណងកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមករវាងប្រទេសទាំងពីរ​ ជាពិសេសភាគីកូរ៉េ​ ដែលតែងតែយកចិត្តទុកដាក់ក្នុងការផ្តល់ការគាំទ្រ​ និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រី្តក្រសួង​លេីជំនាញជលសាស្ត្រ​ និងជំនាញពាក់ព័ន្ធនឹងវិស័យធនធានទឹក​ និងឧតុនិយម។ ភាគីទាំងពីរ​ បានពិភាក្សាគ្នាបន្ថែម​ អំពីផែនការសម្មភាពសម្រាប់អនុវត្តបន្តនៅឆ្នាំទី៣​ នៃគម្រោងកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)នេះ​ ដេីម្បីឲ្យគម្រោងអាចបញ្ចប់ប្រកបដោយជោគជ័យតាមកម្មវិធីដែលបានគ្រោងទុក។ លេីសពីនេះទៀត​ ភាគីទាំងពីរ​ ក៏បានពិភាក្សាបន្ថែម​ អំពីលទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបត្តិការបន្ត​នាពេលអនាគតរវាងក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ​ និងក្រសួងធនធានទឹក​ និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា​ ក្រោយពីគម្រោងនេះត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២៣ ៕