ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ បានអនុញ្ញាតអោយលោក SUNAZAKI KOZI អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល JICA HOKKAIDO ប្រទេសជប៉ុន និងសហការី ចូលជួបសំដែងការគួរសម
រាជធានីភ្នំពេញ ÷ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតអោយលោក SUNAZAKI Kozi អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល JICA HOKKAIDO ប្រទេសជប៉ុន និងសហការី ចូលជួបសំដែងការគួរសម និងសំណេះសំណាលអំពីកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងក្រសួងធនធានទឹក និងឧតុនិយម ក្រោមកិច្ចសហការជាមួយ JICA។
ជួសមុខឯកឧត្តរដ្ឋមន្រ្តី លឹម គានហោ ឯឧ ប៊ុន ហ៊ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ដល់ JICA ដែលតែងតែយកចិត្តទុក្ខដាក់ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្ស និងកសាងសមត្ថភាពមន្ត្រីនៅក្នុងក្រសួង លើវិស័យធនធានទឹកនៅកម្ពុជា។
ការបណ្តុះបណ្តាលខាងលើនេះ បានធ្វើអោយមន្ត្រីបច្ចេកទេសក្រសួងមានសមត្ថភាពម្ចាស់ការលើការគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ ក៏ដូចជាការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋលេខាធិការ បន្តការជួយគាំទ្របន្តទៀតលើការកសាងសមត្ថភាពដល់មន្ត្រីលើការគ្រប់គ្រងធនធានទឹក តាមរយៈការបណ្តុះបណ្តាលនៅប្រទេសជប៉ុន ឬនៅប្រទេសទី ៣ ថែមទៀត។
លោក SUNAZAKI Kozi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការដ៏ល្អរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការបញ្ជូនមន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិទៅចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសជប៉ុន ហើយបានយកចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាល មកអនុវត្តន៍នៅក្នុងប្រទេសរបស់ខ្លួន។
លោក Sunazki Kozi នឹងអញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្រនៅខេត្តពោធិសាត់ ដើម្បីសិក្សាស្វែងយល់អំពីការងារបង្កបង្កើនផលស្រូវ និងជួយបំពេញបន្ថែមនូវចំណុចខ្វះខាត ដើម្បីកសាងកម្មវិធីបណ្តុះបណ្តាលអោយបានសមស្របទៅនឹងតម្រូវការជាក់ស្តែង ៕