ឯកឧត្តម មុី លីហួត អនុរដ្ឋលេខាធិការ និង ឯកឧត្តម ឈា ប៊ុនរិទ្ធ ចុះពិនិត្យវាយតម្លៃ សិក្សាស្រាវជ្រាវលើសំណើគម្រោងស្នើសុំស្តារស្ទឹងជោរ ស្ថិតនៅភូមិថ្នល់កែង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង
ខេត្តព្រៃវែង ÷ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម មុី លីហួត អនុរដ្ឋលេខាធិការ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ព្រមទាំងអាជ្ញាធរស្រុកកំចាយមារ ដេីម្បីប្រជុំពិភាក្សា និងចុះពិនិត្យវាយតម្លៃ សិក្សាស្រាវជ្រាវលើសំណើគម្រោងស្នើសុំស្តារស្ទឹងជោរ ស្ថិតនៅភូមិថ្នល់កែង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ដោយពិនិត្យឃេីញនូវសក្តានុពលនៃស្ទឹងនេះ ជាប្រភពទឹកដ៏សំខាន់ និងមានអត្ថប្រយោជន៍ជាលក្ខណៈពហុវិស័យ ដូចជាការស្រោចស្រពដំណាំកសិកម្ម ជម្រកមច្ឆា ផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ សិស្ស និសិ្សតនៃសាកលវិទ្យាល័យ ជា សុីម កំចាយមារ រមណីយដ្ឋាន ព្រមទាំងអ្នកទទួលផលនៅផ្នែកក្រោមខ្សែទឹក តម្រូវជាចាំបាច់ធ្វេីការស្តារឡើងវិញនូវប្រភពទឹកស្ទឹង ព្រែកធម្មជាតិ ដែលបច្ចុប្បន្នមានសភាពកាន់តែគោករាក់ផងដែរ ៕