លោក ប៊ុន ហ៊ួ  ចុះពិនិត្យការងារស្តារឡើងវិញទំនប់អាងទឹកខ្ពបត្របែក ដើម្បីពង្រឹងនឹងបង្កើនសមត្ថភាពនៃការស្តុកទឹកក្នុងអាង ឲ្យបានកាន់តែច្រើនបន្ថែមទៀត  មានទីតាំងស្ថិតនៅឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ 

ខេត្តតាកែវ ÷ នៅថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នាយកដ្ឋានវិស្វកកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះធ្វើការងារស្តារឡើងវិញទំនប់អាងទឹកខ្ពបត្របែក មានទីតាំងស្ថិតនៅឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។ គោលបំណងនៃការស្តារទំនប់អាងទឹកខ្ពបត្របែក គឺដើម្បីពង្រឹងនឹងបង្កើនសមត្ថភាពនៃការស្តុកទឹកក្នុងអាង ឲ្យបានកាន់តែច្រើនបន្ថែមទៀត សម្រាប់បញ្ចាលទឹកទៅជួយដល់ស្រុកអង្គរជ័យ ខេត្តកំពត តាមរយៈប្រឡាយកោះក្អែក ជាង២៥Km និងទីរួមខេត្តតាកែវ តាមរយៈប្រឡាយ៣៣ ។ ទំនប់អាងទឹកខ្ពបត្របែក មានប្រភពទឹកមកពីទំនប់អាងទឹកស្ទឹងភេរ របស់ខេត្តកំពត និងស្ទឹងកាត់ភ្លុក ស្ទឹងស្លាគូរ របស់ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្នក្រុមការងារសម្រេចស្តារឡើងវិញទំនប់អាងទឹកខ្ពបត្របែក បាន ៧៥% ក្នុងទំហំការងារដែលអនុវត្តរួមមាន ៖ ស្តារឡើងវិញទំនប់អាងទឹកខ្ពបត្របែកប្រវែង ២.៦០០ម ជួសជុលសំណង់បង្ហៀរចំនួន០១ កន្លែង សាងសង់សំណង់ទ្វារទឹក(ទ្វារ២) ចំនួន ០១ កន្លែង និងជួសជុលសំណង់លូជ្រុង(ទ្វារ១) ចំនួន ០៣ កន្លែង ។
សូមបញ្ជាក់ថាឆ្នាំគន្លងមក ទំនប់អាងទឹកខ្ពបត្របែក មិនអាចស្តុកទឹកសម្រាប់ស្រោចស្រពបានតាមតម្រូវការនៅលើផ្ទៃដីបង្កបង្កើនផលដែលមានស្រាប់ទេ ដោយសារទំនប់អាង មានសភាពចាស់ទ្រុតទ្រោម ធ្វើឲ្យការស្តុកទឹកបានតិច ព្រោះត្រូវហូរច្រោះដាច់ច្រើនកន្លែង ដោយគ្រោះទឹកជំនន់នៅរដូវវស្សា ។ ក្នុង១ឆ្នាំៗ ក្រុមការងារតែងតែធ្វើការបិទផ្ទិត ២ដងទៅ៣ដង ជាហេតុតំរូវពង្រឹងនិងពង្រីកទំនប់អាងទឹកខ្ពបត្របែកនេះឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅ ក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រើប្រាស់ សម្រាប់ការងារបង្កបង្កើនផលកសិកម្ម ធ្វើឱ្យទិន្នផលស្រូវកើនឡើង ៕