លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក បានចុះទៅខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ដើម្បីផ្សព្វផ្សាយនីតិវិធីនៃការរៀបចំលក្ខន្តិកៈ ការជ្រើសរើសគណៈកម្មការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្

ខេត្តកំពង់ចាម ÷ នៅថ្ងៃចន្ទ ១៣កើត ខែជេស្ឋ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះទៅប្រព័ន្ធធារាសាស្រ្តអាងទឹកតាកុយ ស្ថិតក្នុងឃុំត្រប់ ឃុំសណ្តែក ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម និងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានសហការជាមួយនឹងមន្រី្តបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានអនុវត្តការងារដូចខាងក្រោម៖
១. ប្រជុំជាមួយអាជ្ញាធរដែនដី ភូមិ ឃុំ អ្នកទទួលផល និងអ្នកពាក់ព័ន្ធ ដែលបានប្រើប្រាស់ទឹក ស្រោចស្រព ដើម្បីផ្សព្វផ្សាយនីតិវិធីនៃការរៀបចំលក្ខន្តិកៈ ការជ្រើសរើសគណៈកម្មការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តនៃអាងទឹកតាកុយ ដែលមានការប្រើប្រាស់ទឹកករណីមានពីរខេត្តផ្សេងគ្នា គឺខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំ
២. បង្ហាញផែនទីនៃប្រព័ន្ធធារាសាស្រ្ត ដែលពាក់ព័ន្ធនឹងខេត្តទាំងពីរ ដែលបានយកទឹកពីប្រភពមេទឹក រួមគ្នា
៣. នីតិវិធីនៃការរៀបចំធ្វើសេចក្តីព្រាងលក្ខន្តិកៈ ស្របទៅតាមផ្ទៃដីដាំដុះ និងសមាជិក ស.ក.ប.ទ និងតួនាទីភារកិច្ចនៃគណៈកម្មការគ្រប់គ្រងប្រព័ន្ធរួមគ្នា ដោយផ្អែកតាមអនុក្រឹត្យ និងច្បាប់គ្រប់គ្រងធនធានទឹកនៃព្រះរាជាណាចក្រកម្ពុជា
៤. នីតិវិធីនៃការបង្កើតយន្តការគ្រប់គ្រង និងការប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្រ្តរួមគ្នា ហើយបានប្រើប្រាស់ទឹកពីប្រភពមេទឹកតែមួយលើការងារស្រោចស្រពរបស់ប្រជាកសិករឲ្យមានប្រសិទ្ធិភាព និងកាត់បន្ថយបាននូវទំនាស់ក្នុងការប្រើប្រាស់ទឹក
៥. នីតិវិធីនៃការរៀបចំ និងអនុម័តលក្ខន្តិកៈ ស.ក.ប.ទ ស្របតាមការយល់ព្រមពីសមាជិក
៦. ចុះមើលប្រព័ន្ធធារាសាស្រ្តដែលបាននាំទឹកចែកចាយទៅដល់ដែនដីរដ្ឋបាលនៃខេត្តទាំងពីរ
សូមបញ្ជាក់ថាការជួបជុំនេះបានអនុវត្តទៅតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម លើវិធានការការពារកាទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ១៩ ៕