ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃសៅរ៍ ៩រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាយក PMU-ADB and WB MOWRAM ដែលជាប្រធានមុខព្រួញខេត្តបន្ទាយមានជ័យ សហការី ប្រធាន អនុប្រធាន និងមន្រ្តីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យជាច្រើនរូប បានអញ្ជើញចុះធ្វើការពិនិត្យការដ្ឋាន មួយចំនួន ដូចខាងក្រោម ៖
១- ការដ្ឋានជួសជុល និងបំពាក់ឧបករណ៏ស្វាយប្រវត្តិបន្ថែម លើប្រព័ន្ធធារាសាស្រ្តទំនប់អាងត្រពាំងថ្ម ដើម្បីងាយស្រួលក្នុងការខ្ចប់វិចទុកទឹកឲ្យមានប្រសិទ្ធភាពខ្ពស់ និងរំដោះទឹកទាន់ពេលវេលានូវរាល់ជំនន់ ដែលកើតមានឡើងជាយថាហេតុនាពេលខាងមុខ ។
២- ការដ្ឋានជួសជុល សាងសង់ថ្មី និងបំពាក់សំណង់សិល្បការគ្រប់ប្រភេទទាំងធំ និងតូចលើប្រព័ន្ធធារាសាស្រ្តទំនប់អាងតាម៉េង ដែលបានទទួលរងនូវការខូចខាតជាទម្ងន់ក្នុងពេលជំនន់ទឹកភ្លៀងឆ្នាំ ២០២០ ស្ថិតក្នុងស្រុកថ្មពួក ។
៣- ការដ្ឋានសាងសង់ឡើងវិញទំនប់អាងស្តេច ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់នឹងខេត្តស្រះកែវព្រំដែនកម្ពុជា-ថៃ ដែលទំនប់នេះត្រូវបានរងនូវការខូចខាតយ៉ាងខ្លាំង ដោយសារជំនន់ទឹកភ្លៀងនាឆ្នាំ ២០២០ ។ ទំនប់នេះនាពេលកន្លងមក បានធ្វើការកសាងឡើង ក្នុងលក្ខណៈសង្រោះបន្ទាន់ប៉ុណ្ណោះ ។
សូមបញ្ជាក់ជូនថា ៖ ក្រោយពីបានទទួលនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះអនុវត្តការងារជួសជុល ស្តារ និងកសាង ប្រព័ន្ធធារាសាស្រ្តជាច្រើន ដើម្បីឆ្លើយតបភ្លាមៗទៅនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ និងប្រជាកសិករក្នុងស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលត្រូវការទឹកចាំបាច់បំផុតសម្រាប់ផលិតស្បៀង និងទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក្នុងផ្ទៃដីប្រមាណ ៤០.០០០ ហិកតា បន្ថែមពីនេះ បណ្តាប្រព័ន្ធធារាសាស្រ្តទំនប់អាងខាងលើនេះ ក៏ជាផ្លូវគមនាគមន៍មួយដ៏សំខាន់ សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលផងដែរ ។ ប្រព័ន្ធធារាសាស្រ្តទំនប់អាងទាំងអស់ខាងលើនេះ មានសារៈសំខាន់ជាយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងទឹកតាមបន្ទាត់ព្រំដែនថៃ ហើយនឹងរួចរាល់ក្នុងអំឡុងពេលដ៏ខ្លីខាងមុខនេះ ។ ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម នៅមានផែនការកាងារដែលនឹងត្រូវអនុវត្តន៏ជាបន្ទាន់លើអាងចំនួន ០៧ បន្ថែមទៀត តាមតំបន់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងខេត្តបន្ទាយមានជ័យនេះ ៕