មន្ត្រីបច្ចេកទេស នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក ជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការ ស.ក.ប.ទ នៃប្រព័ន្ធធារាសាស្ត្រព្រៃនប់ ស្ថិតក្នុងឃុំព្រៃនប់ និងឃុំឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

 ខេត្តព្រះសីហនុ ៖ នៅថ្ងៃពុធ ១៣ រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ លោកស្រី អុឹម ចិន្តា អនុប្រធានការិយាល័យអភិវឌ្ឍសហគមន៏កសិករប្រើប្រាស់ទឹក នៃនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ដោយសហការជាមួយនឹងមន្ត្រីបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ ដែលដឹកនាំដោយលោក ហេង សោភ័ណ្ឌរឹទ្ធ ប្រធានមន្ទីរ ចុះអនុវត្តការងារក្រោមកញ្ចប់ថវិកាគម្រោងគាំទ្រ ពង្រឹង និងបង្កើត ស.ក.ប.ទ ធ្វើការជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការ ស.ក.ប.ទ នៃប្រព័ន្ធធារាសាស្ត្រ ព្រៃនប់ ដែលស្ថិតក្នុងឃុំព្រៃនប់ និងឃុំឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បី៖
(១). ប្រជុំពិភាក្សាអំពីសកម្មភាពការងារ និងការរីកចម្រើនរបស់ ស.ក.ប.ទ/ព្រៃនប់។
(២). ពិនិត្យ និងពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ អំពីការអនុវត្តនូវសកម្មភាពការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ (O&M)។​
(៣). ជម្រុញឲ្យមានការចុះប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តដើម្បីបានថវិកាសម្រាប់ទ្រទ្រង់ដល់កិច្ចដំណើរការរបស់ ស.ក.ប.ទ។
(៤). ពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផ្សេងៗរបស់គណៈកម្មាធិការ ស.ក.ប.ទ ។
(៥). ចុះពិនិត្យស្ថានភាពទូទៅនៃប្រព័ន្ធធារាសាស្ត្រ ព្រៃនប់។