ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង រួមជាមួយប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានបន្តចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវរដូវវស្សា

ខេត្តព្រៃវែង ÷ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង រួមជាមួយប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានបន្តចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវរដូវវស្សាតាមបណ្ដាភូមិសាស្រ្ត និងប្រព័ន្ធស្រោចស្រពមួយចំនួនរួមមាន ៖
១- ស្ថានភាពទឹកជាទូទៅនៅខេត្តព្រៃវែង មានសភាពល្អ
២- ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត ៖
– ប្រឡាយមេវ៉ៃគោ ជំហាន១ ខ្សែទី២ ប្រវែង ៤៣គម
– ប្រព័ន្ធស្រោចស្រពអូរព្រៃឃ្នេសស្ថិតនៅក្នុងឃុំព្រៃព្រៃឃ្នេសស្រុកមេសាងប្រឡាយប្រវែង ៧០០០ម៉ែត្រ និងសំណង់សិល្បការចំនួន ១៦កន្លែង
– ប្រព័ន្ធប្រឡាយរួមស្រុកស្ថិតនៅក្នុងឃុំទឹកថ្លាស្រុកស្វាយអន្ទរមានប្រវែង ១២៥០០ម៉ែត្រ និងសំណង់សិល្បការចំនួន ០៩កន្លែង
– ស្ថានីយបូមទឹកទី៤ នៃប្រព័ន្ធស្រោចស្រពវ៉ៃគោជំហាន២
៣- ការងារបង្កបង្កើនផលស្រូវវស្សាគិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ទូទាំងខេត្តអនុវត្តបាន ២៤៧.៣១១ហិកតា ស្មើនឹង៩៨.៩២% លើផែនការ ២៥០.០០០ហិកតា ៕