ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខធិការ និងជាសហប្រធានកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី ជំហាន២ (CAVAC) បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងថ្នាក់ជាតិ (NSC Meeting 2021-2022) ដើម្បីធ្វើការត្រួតពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពការងារនៃកម្មវិធីCAVAC​ ឆ្នាំ២០២១-២០២២

នៅថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខធិការ និងជាសហប្រធានកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី ជំហាន២ (CAVAC) និងឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងថ្នាក់ជាតិ (NSC Meeting 2021-2022) តាមរយៈ​កម្មវិធី Webex ដើម្បីរួមចំណែកក្នុងការកាត់បន្ថយហានិភ័យនៃការចម្លងមេរោគកូវីដ-១៩។
កិច្ចប្រជុំនាព្រឹកនេះ គឺដើម្បីធ្វើការត្រួតពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពការងារនៃកម្មវិធីCAVAC​ ឆ្នាំ២០២១-២០២២។ ជារួមការងាររបស់កម្មវិធីCAVAC គឺសម្រាប់អនុវត្តបន្ត និងឈានទៅបញ្ចប់ក្នុងឆ្នាំ២០២២ខាងមុខ គឺនៅសេសសល់តែការងារសំខាន់ៗមួយចំនួនដូចជា ៖
១.ការដាក់ឱ្យអនុវត្តនូវយន្តការចូលរួមសហការរវាងវិស័យឯកជននិងរដ្ឋ (Public Private Partnership) នៅក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត និងការជួសជុលថែទាំ ដោយជំហានដំបូង កាវ៉ាក់នឹងចាប់ផ្តើមការរៀបចំនៅប្រព័ន្ធធារាសាស្រ្តចារ ប្រព័ន្ធធារាសាស្រ្តតាសួង និងប្រព័ន្ធធារាសាស្រ្តវត្តថ្មី ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែ​វ។ ប្រសិនបើការចូលរួមរវាងឯកជន និងរដ្ឋទទួលបានជោគជ័យ នោះកម្មវិធីកាវ៉ាក់នឹងចាប់ផ្តើមអនុវត្តយន្តការ PPP នៅប្រព័ន្ធធារាសាស្រ្តផ្សេងៗទៀត។
២.ការអភិវឌ្ឍសមត្ថភាពសហគមន៍កសិករប្រើប្រាស់ទឹក និងវិធីសាស្រ្តគ្រប់គ្រងទឹកប្រកបដោយ​និរន្តរភាព
៣.ការប្រគល់ប្រព័ន្ធធារាសាស្រ្តទាំងអស់របស់កាវ៉ាក់ទៅថ្នាក់ក្រោមជាតិ រួមនិងវិស័យឯកជន សម្រាប់ការគ្រប់គ្រងបន្ត និងការជួសជុលថែទាំប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
បើទោះបីជាកម្មវិធីCAVAC គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២ខាងមុខ ប៉ុន្តែCAVAC នៅតែបន្តជួយ ក្រសួងធនធានទឹក និងឧតុនិយម លើផ្នែកបច្ចេកទេស និងផ្តល់យោបល់លើការគ្រប់គ្រងទឹក ការប្រើប្រាស់ទឹក និងតម្រូវការទឹកលើវិស័យ​ផ្សេងៗជាដើម។ CAVAC នៅតែបន្ត សហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងដៃគូពាក់ព័ន្ធដទៃទៀត ដូចជាធនធាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី ក្នុងការគាំទ្រលើវិស័យទឹក៕