ឯកឧត្តម ចាន់ ស៊ីណាត ប្រធានមុខព្រួញទិស ខេត្តបន្ទាយមានជ័យ និងសហការីទាំងអស់ បានបន្តសកម្មភាព ដឹកនាំធ្វើការត្រួតពិនិត្យតាមដាន និងត្រៀមយុទ្ធសាស្រ្តធ្វើការបញ្ជាទឹក និងគ្រប់គ្រងទឹកក្នុងខេត្តបន្ទាយមានជ័យទាំងមូល

ខេត្តបន្ទាយមានជ័យ ÷ នៅថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ចាន់ ស៊ីណាត ជាអនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទិស ខេត្តបន្ទាយមានជ័យ និងសហការីទាំងអស់ បានបន្តសកម្មភាព ដឹកនាំធ្វើការត្រួតពិនិត្យតាមដាន និងត្រៀមយុទ្ធសាស្រ្តធ្វើការបញ្ជាទឹក និងគ្រប់គ្រងទឹកក្នុងខេត្តបន្ទាយមានជ័យទាំងមូល ដោយបំពេញសកម្មភាពដូចតទៅ ៖
១- ពិនិត្យលើតំបន់ប្រព័ន្ធធារាសាស្រ្តពោធិពីរដើម ក្នុងក្រុងសេរីសោភ័ណ
២- ធ្វើការពិនិត្យលើតំបន់បត់ត្រង់ តំបន់រហាត់ទឹក តំបន់សឿ និងតំបន់ស្ពានតាផាន់ ក្នុងក្រុងសេរីសោភ័ណ
៣- ធ្វើការពិនិត្យលើតំបន់សំណង់ព្រៃខ្ពស់ នៃស្ទឹងបវេល ក្នុងតំបន់ព្រំប្រទល់រវាងស្រុកបវេល របស់ខេត្តបាត់ដំបង និងស្រុកមង្គលបូរី របស់ខេត្តបន្ទាយមានជ័យ
៤- តំបន់សំណង់សេរីមង្គល ចំណុចប្រសព្វរវាងស្ទឹងមង្គលបូរី និងស្ទឹងសេរីសោភ័ណ របស់ខេត្តបន្ទាយមានជ័យ
៥- ធ្វើការអង្កេតតាមដានលើតំបន់ប្រឡាយភ្នំដីព្រៃមាន់ និងតំបន់ប្រព័ន្ធប្រឡាយកុមារ ៕