ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យមេីលជាក់ស្តែងនូវស្ថានភាពទឹកផ្នែកខាងលេីនៃស្ទឹងព្រែកត្នោត នៅតាមចំណុចសំខាន់ៗមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ដោយមានការចូលរួមពី
លោក ហៀង ម៉េង នាយកដ្ឋានវិស្វកម្មដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តកំពង់ស្ពឺ នាយកដ្ឋានសហគមន៍កសិករប្រេីប្រាស់ទឹក នាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក និងនាយកដ្ឋានធារាសាស្រ្តកសិកម្ម សហការជាមួយលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យមេីលជាក់ស្តែងនូវស្ថានភាពទឹកផ្នែកខាងលេីនៃស្ទឹងព្រែកត្នោត នៅតាមចំណុចសំខាន់ៗមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រួមមាន ៖
១-ទំនប់អាងទឹក តាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ស្ថិតនៅផ្នែកខាងលើស្ទឹងព្រែកត្នោត ទំនប់អាងទឹកនេះ មានប្រវែងសរុប ៧២០ម៉ែត្រ និងអាចស្តុកទឹកបាន១៤០លានម៉ែត្រគូប ជួយកាត់បន្ថយទឹកជំនន់នៅរដូវវស្សា និងជួយផ្គត់ផ្គង់តម្រូវការប្រើប្រាស់បំពេញបន្ថែមផ្នែកខាងក្រោមនៅរដូវប្រាំង
២-ទីតាំងស្ពានតាសាល និងស្ពានឃ្លាចឆ្លងកាត់តួស្ទឹងព្រែកត្នោត ស្ថិតក្នុងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់
៣- ទីតាំងស្ពានអង្គជុំ ដាឡូតិ៍ និងស្ពានព្រៃរមៀត ស្ថិតក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច
៤-ទីតាំងស្ពានពាមឃ្លៃឆ្លងកាត់តួស្ទឹងព្រែកត្នោត ស្ថិតក្នុងឃុំតាំងគម្ពីរ ស្រុកសំរោងទង
៥-ទីតាំងអាងទឹក តាំងគម្ពីរ ស្ថិតក្នុងឃុំទំព័រមាស ស្រុកសំរោងទង
តាមការពិនិត្យជារួម ស្ថានភាពទឹកមានការហក់ឡើងបន្តិចបន្តួចលើសពីកម្រិតប្រក្រតីធម្មតា ដោយសារមានភ្លៀងធ្លាក់ក្នុងផ្នែកខ្លះនៃផ្ទៃរងទឹកភ្លៀងរបស់អាងស្ទឹង នារយ:ពេលប៉ុន្មានថ្ងៃកន្លងមក។
ជាមួយគ្នាផងដែរ ឯកឧត្តមអគ្គនាយក និងក្រុមការងារក្រសួង បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងឆ្មាំ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើការគ្រប់គ្រងទំនប់អាងទឹកតាសាល ការចែករំលែក និងផ្តល់ព័ត៌មានអំពីកម្ពស់ទឹក ធារទឹក និងបរិមាណណទឹកភ្លៀងរវាងផ្នែកខាងលើ និងផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោតទាំងមូល ដើម្បីអាចជួយបញ្ចៀស និងកាត់បន្ថយហានិភ័យដោយទឹកជំនន់ដល់រាជធានីភ្នំពេញ និងមួយផ្នែកនៃខេត្តកណ្តាលដែលអាចនឹងកើតមានឡើងដោយសារឥទ្ធិពលព្យុះនាចុងរដូវវស្សាឆ្នាំនេះផងដែរ ៕