ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ  ព្រមទាំងមន្រ្តីបច្ចេកទេស និងតំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចូលរួមជាមួយប្រតិភូរអន្តរក្រសួង ដែលដឹកនាំដោយក្រសួងបរិស្ថាន ដើម្បីពិភាក្សាលើការស្នើសុំសាងសង់អាង ស្តុកទឹក  ស្ថិតនៅភូមិសាស្រ្តក្រុងបូកគោ ខេត្តកំពត 

ខេត្តកំពត ÷ នៅថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីបច្ចេកទេស និងតំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចូលរួមជាមួយប្រតិភូរអន្តរក្រសួង ដែលដឹកនាំដោយក្រសួងបរិស្ថាន ដើម្បីពិភាក្សាលើការស្នើសុំសាងសង់អាង ស្តុកទឹក និងបានចុះពិនិត្យទីតាំងជាក់ស្តែងរបស់ក្រុមហ៊ុន ខាមបូឌាន ធីភី ម៉ាញនីង ឌីវេឡុបមិន ឯ.ក សម្រាប់បម្រើឲ្យតម្រូវការរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិសាស្រ្តក្រុងបូកគោ ខេត្តកំពត ។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ បានលើកឡើងថា នៅក្នុងច្បាប់ស្តីពីការគ្រប់ គ្រងធនធានទឹក ត្រង់ជំពូកទី៣ មាត្រាទី១២ បានចែងថាការប្រើប្រាស់ធនធានទឹកក្នុងគោលបំណងកសិកម្ម ឬឧស្សាហកម្មលើសពីកម្រិតក្នុងគ្រួសារ តម្រូវឲ្យក្រុមហ៊ុនស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត មកក្រសួង ដោយជូនភ្ជាប់ជាមួយនូវឯកសារបច្ចេកទេសគម្រោង ។
ដោយឡែកក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ក៏បានស្នើសុំឲ្យក្រុមហ៊ុនរៀបចំនូវឯកសារបច្ចេកទេសគម្រោងមកក្រសួងផងដែរ ។ ជារួមអង្គប្រជុំបានសម្រេច ៖
១- គាំទ្រ និងទទួលយកគម្រោងស្នើសុំអភិវឌ្ឍន៍ ទំនប់អាងស្តុកទឹក
២- ឯកភាពតាមការស្នើសុំរបស់តំណាង ក្រសួងធនធានទឹក និងឧតុនិយម
៣- ក្រុមហ៊ុនត្រូវរៀបចំប្លង់មេ (Master plan) មកអន្តរក្រសួងដើម្បីពិនិត្យ និងឯកភាពមុនពេលសាងសង់
ជាទីបញ្ចប់តំណាងក្រុមហ៊ុនបានឯកភាព និងយល់ព្រមតាមការសម្រេចរបស់ឯកឧត្តម ប្រធានអង្គប្រជុំ ។ ក្រោយកិច្ចប្រជុំបានបញ្ចប់ ប្រតិភូរអន្តរក្រសួងបានចុះពិនិត្យដល់ទីតាំងជាក់ស្តែងដែលក្រុមហ៊ុនបានស្នើសុំសាងសង់ និងបានសន្និដ្ឋានថាទីតាំងស្នើសុំនេះអាចទទួលយកបាន ៕