លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក បានចុះទៅអនុវត្តការងារក្រោមកញ្ចប់ថវិកាគម្រោងគាំទ្រ ពង្រឹង និងបង្កើត ស.ក.ប.ទ ធ្វើការជួបប្រជុំជាមួយគណៈកម្មាធិការ ស.ក.ប.ទ នៃប្រព័ន្ធធារាសាស្ត្រ ប្រឡាយឯកភាព (ប្រឡាយពោធិ៍ពីរដើម) ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ÷ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារដោយមានការចូលរួមសហការពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ដែលមានលោក កឹម ចំរើន ប្រធានការិយាល័យធារាសាស្ត្រកសិកម្ម និងលោក ទឹម ណារ៉ុង ប្រធានការិយាល័យទឹកស្អាត និងអនាម័យ បានចុះទៅអនុវត្តការងារក្រោមកញ្ចប់ថវិកាគម្រោងគាំទ្រ ពង្រឹង និងបង្កើត ស.ក.ប.ទ ធ្វើការជួបប្រជុំជាមួយគណៈកម្មាធិការ ស.ក.ប.ទ នៃប្រព័ន្ធធារាសាស្ត្រ ប្រឡាយឯកភាព (ប្រឡាយពោធិ៍ពីរដើម) ដែលមានទីតាំងស្ថិតនៅក្នុងឃុំបន្ទាយនាង ស្រុកមង្គលបុរី និងស.ក.ប.ទ អាងពន្លៃ ស្ថិតក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បី៖

(១). ប្រជុំពិភាក្សាអំពីសកម្មភាពការងារ និងការរីកចម្រើនរបស់ ស.ក.ប.ទ ទាំងពីរខាងលើ។
(២). ពិនិត្យ និងពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ ទាំងពីរអំពីការអនុវត្តនូវសកម្មភាពការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ (O&M)។​
(៣). ជម្រុញលើកទឹកចិត្តដល់គណៈកម្មាធិការ ស.ក.ប.ទ ទាំងពីរខាងលើអំពីការប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តសម្រាប់ទ្រទ្រង់ដល់កិច្ចដំណើការរបស់ ស.ក.ប.ទ នាពេលខាងមុខក្រោយពីគម្រោងត្រូវបានបញ្ចប់។
(៤). ពិនិត្យចំណូល និងណែនាំអំពីការចំណាយផ្សេងៗសម្រាប់ការងារជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត និងកិច្ចការរដ្ឋបាលរបស់ ស.ក.ប.ទ។
(៥). ពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ អំពីការទុកដាក់លុយកាក់ដែលបានមកពីការប្រមូលភាគទានប្រប្រាស់ប្រព័ន្ធធារាសាស្ត្រ និងនិតិវិធីនៃការបើកគណនេយ្យនៅធនាគារសម្រាប់តម្កល់ថវិការបស់ ស.ក.ប.ទ។
(៦). ពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផ្សេងៗរបស់គណៈកម្មាធិការ ស.ក.ប.ទ និងអាជ្ញាធរដែនដី។
(៧). ចុះពិនិត្យស្ថានភាពទូទៅនៃប្រព័ន្ធធារាសាស្ត្រទាំងពីរខាងលើ ៕