ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារតំណាងក្រសួងធនធានទឹក និងឧតុនិយម  បានចុះពិនិត្យវឌ្ឍនភាពការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តអាចាង ស្ថិតក្នុង ខេត្តកំពង់ឆ្នាំង  នឹងប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតក្នុងបាត់ដំបង

ខេត្តកំពង់ឆ្នាំង-ខេត្តបាត់ដំបង ÷ នាព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារតំណាងក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះពិនិត្យវឌ្ឍនភាពការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តអាចាង ស្ថិតក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ប្រព័ន្ធធារាសាស្ត្រអាចាង​ ទេីបតែទទួលបានការថែទាំជាប្រចាំក្នុងឆ្នាំ​ ២០២១នេះ​។ ជាមួយគ្នានេះផងដែរ​ ប្រព័ន្ធធារាសាស្ត្រអាចាង​ បានទទួលយកទឹកពីស្ទឹងបរិបូរណ៍ មកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវប្រមាណជាង ១០.៣០០ហិកតា។​ សម្រាប់ឆ្នាំ២០២១ នេះ​ ក្រុមការងារបានធ្វើការថែទាំលេីការងារមួយចំនួន​ រួមមាន ៖
– ការងារប្រឡាយមេបេតុង០១ខ្សែ(LC) ប្រវែងសរុប ១៧.១០៨ម៉ែត្រ
– ការងារប្រឡាយមេ០១ខ្សែ(MC) ប្រវែងសរុប ៣.៥០៣ម៉ែត្រ
– ការងារដីប្រឡាយរង១០ខ្សែ ប្រវែងសរុប ២៩.៤៩២ម៉ែត្រ
នារសៀលថ្ងៃដដែល​ ក្រុមការងារក៏បានបន្តដំណេីរ​ និងសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះពិនិត្យវឌ្ឍនភាពការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តកង្ហត ស្ថិតក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង គ្របដណ្តប់ចំនួន ០៤ស្រុក( ស្រុកបាណន ស្រុកមោងឬស្សី ស្រុកកោះក្រឡ និងស្រុកសង្កែ) និងក្រុងបាត់ដំបង។
ប្រព័ន្ធធារាសាស្ត្រកង្ហត ទទួលយកទឹកពីទំនប់ពហុបំណងសេកសក មកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវប្រមាណជាង ៦៧ ៧០០ហិកតា ត្រូវបានស្តារ និងសាងសង់ឡើងវិញឲ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសក្នុងឆ្នាំ២០១០ និងបញ្ចប់នៅឆ្នាំ២០១៤ ដោយថវិការកម្ចីអនុគ្រោះពីសាធារណរដ្ឋប្រជាមានិតចិន។
ប្រព័ន្ធស្រោចស្រពកង្ហត ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការថែទាំជាប្រចាំ ចាប់តាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្នហើយលក្ខខណ្ឌសំណង់កំពុងត្រូវបានកែលម្អជាបន្តបន្ទាប់ ។ សម្រាប់ឆ្នាំ២០២១នេះ​ ក្រុមការងារបានធ្វើការថែទាំលេីការងារមួយចំនួន​ រួមមាន ៖ ការងារដីប្រឡាយមេបេតុង ចំនួន ០៩ខ្សែ ដែលមានប្រវែងសរុប ១៣១.៩៩១ម៉ែត្រ ព្រមទាំងសិល្បការទាំងតូច -ធំទាំងអស់។
សូមបញ្ជាក់ជូនថា ៖ បន្ទាប់ពីមានការថែទាំជាប្រចាំ បានធ្វើឲ្យប្រព័ន្ធស្រោចស្រពទាំងពីរខាងលេីនេះ នៅតែអាចប្រើប្រាស់បានយ៉ាងល្អ និងមានសារ:សំខាន់យ៉ាងខ្លាំងសម្រាប់បងប្អូនប្រជាកសិករ​ ជាពិសេសផ្នែកសេដ្ឋកិច្ច​ ម្យ៉ាងទៀតតាមខ្នងប្រឡាយបានក្លាយជាផ្លូវគមនាគមន៍​ សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរ និងដឹកកសិផល បានយ៉ាងងាយស្រួលផងដែរ៕