ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលទទួលជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន 

នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្ដម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ឯកឧត្ដម ម៉ៅ ហាក់ ដែលជាប្រធានមុខព្រួញ រាជធានីភ្នំពេញ មន្រ្តីបច្ចេកទេសនិងតំណាងក្រុមហ៊ុន GDFC បានចុះពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលទទួលជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ។
តាមរបាយការណ៍ពីក្រុមការងារបច្ចេកទេសក្នុងពេលចុះពិនិត្យ បានឲ្យដឹងថាការងារសាងសង់ប្រព័ន្ធធារាសាស្ត្រខាងលើនេះ បានចាប់ផ្តើមនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ គឺសម្រេចបានប្រមាណ២២% លើផែនការកំណត់ ។ គោលបំណងរបស់គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត គឺកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់យាយីតាមសណ្តស្ទឹងព្រែកត្នោតជាពិសេសខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងបង្កើនផ្ទៃដីដាំដុះ ដែលមានលទ្ធភាពជួយការពារ និងកាត់បន្ថយគ្រោះទឹកជំនន់លើទំហំផ្ទៃដីប្រមាណ ២៤៥គីឡូម៉ែត្រក្រឡា ហើយមានលទ្ធភាពស្រោចស្រពដីស្រែប្រាំង ១០.១៥០ហិកតា និងស្រូវវស្សា ១៧.៧៣០ហិកតា ។
សូមបញ្ជាក់ជូនជ្រាបថា ៖ ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺនេះ ត្រូវបានដឹកនាំផ្ទាល់ដោយឯកឧត្តមរដ្ឋមន្រ្តី ក្នុងការរៀបចំផែនការ និងសហការជាមួយដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រទេសជាមិត្ត ដើម្បីឆាប់អនុវត្តគម្រោងដ៏មានអត្ថប្រយោជន៍នេះ ក្នុងការបន្ថយផលប៉ះពាល់ និងបញ្ជៀសគ្រោះមហន្តរាយនានាតែងតែយាយីដល់ភាគខាងលិចរាជធានីភ្នំពេញដែលកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ។
ក្នុងឱកាសចុះពិនិត្យជាក់ស្តែងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារដែលសម្រេចតាមផែនការគ្រោងទុក ក្រោមកិច្ចសហការល្អប្រសើររវាងក្រុមការងារអនុវត្តគម្រោង មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំបន្ថែមនូវបច្ចេកទេសអនុវត្តការងារ ដើម្បីធានាគុណភាពសំណង់ខាងលើ ប្រើប្រាស់ឲ្យបានយូរអង្វែងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត ៕