លោក ផាង វី អនុប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម  បានចុះពិនិត្យមើលការងារ អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ក្នុងខេត្តកំពង់ឆ្នាំង

គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លឹម  គានហោ  រដ្ឋមន្ដ្រីក្រសួងធនធានទឹក និង ឧតុនិយម  ដែលតែងតែយកចិត្តទុកដាក់លើការងារអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំង  ក៏ដូចជាដំណាំ រួមផ្សំនានា របស់បងប្អូនប្រជាកសិករ

ថ្ងៃចន្ទ ៧ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤  ខែមករា ឆ្នាំ២០២២ លោក ផាង វី តំណាងឲ្យ លោក ថាំង  វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម  សហការជាមួយមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះពិនិត្យមើលការងារ អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ក្នុងខេត្តកំពង់ឆ្នាំង ។ ដោយគិតចាប់ពីថ្ងៃចុះអន្តរាគមន៍បូមទឹក  ដល់ ថ្ងៃនេះ នាយកដ្ឋានធារាសាស្ត្រ កសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានដាក់ឲ្យដំណើរការម៉ាស៊ីនបូមទឹកចល័ត កម្លាំង  ៦៥សេះ ចំនួន ១៧គ្រឿង ក្នុងការចុះជួយអន្តរាគមន៍បូមទឹកជូនបងប្អូនប្រជាកសិករ  ចំនួន៩ទីតាំង ក្នុងស្រុកចំនួន៣ រួមមានស្រុកកំពង់ត្រឡាច ស្រុកជលគិរី និងស្រុកកំពង់លែង ។

ក្នុងការចុះអន្តរាគមន៍បូមទឹក សង្គ្រោះស្រូវប្រាំង ក៏ដូចជាដំណាំរួមផ្សំនានា  របស់បងប្អូនប្រជា កសិករយើងក្នុងតំបន់នេះ ឃើញថាការផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់តាមតម្រូវការ ដាំដុះប្រកបដោយ ប្រសិទ្ធភាព ចាប់តាំងពីការដាក់ដាំ និងរហូតដល់ការប្រមូលទិន្នផល  ហើយក៏សង្ឃឹមថា ឆ្នាំនេះនឹងទទួលបាន ទិន្នផល ច្រើនល្អប្រសើរ ដូចរាល់ឆ្នាំផងដែរ។

សូមជម្រាបជូនដែរថាការចុះពិនិត្យការងារអន្តរាគមន៍បូមទឹកនេះក្រុមការងារបានពិនិត្យជាក់ស្តែង និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករក៏សម្រេចបន្ថែមម៉ាស៊ីនបូមទឹក៦៥សេះចំនួន៤គ្រឿងទៀត ទន្ទឹមនឹងនេះផងដែរ បងប្អូនប្រជាកសិករបានបញ្ចេញនូវអារម្មណ៍សប្បាយរីករាយ ព្រមទាំងថ្លែង អំណរគុណដល់ក្រសួងធនធានទឹកនិងឧតុនិយម ដែលតែងតែយកចិត្តទុកដាក់សម្រាប់តម្រូវការរបស់ ពួកគាត់តាំងពីដើមរហូតមក។បន្ទាប់មកក្រុមការងារបានផ្តាំផ្ញើដល់មន្ត្រីបច្ចេកទេសស្ថិតនៅទីតាំងនេះ បន្តនូវការយកចិត្តទុកដាក់បន្តទៀតក្នុងការថែទាំម៉ាស៊ីនដើម្បីធានាបានប្រសិទ្ធភាពក្នុងការប្រើប្រាស់ ម៉ាស៊ីនប្រកបដោយនិរន្តរ៍ភាព។