ក្រុមការងារនាយកដ្ឋានធារាសាស្រ្តកសិកម្ម​ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅឃុំកោះចិន និងឃុំកំពង់អុស ក្នុងស្រុកពញាឭ ខេត្តកណ្តាល ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តកម្លាំង​ ៦៥សេះ ចំនួន ១៣គ្រឿងសម្រាប់ជួយអន្តរាគមន៍បូមទឹកស្រោចស្រពលើផ្ទៃដីប្រមាណជាង ១៧៥៦ហិកតា 

ខេត្តកណ្តាល ÷ ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២​ ក្រុមការងារនាយកដ្ឋានធារាសាស្រ្តកសិកម្ម​ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅឃុំកោះចិន និងឃុំកំពង់អុស ក្នុងស្រុកពញាឭ ខេត្តកណ្តាល។ ដោយគិតចាប់ពីថ្ងៃចុះអន្តរាគមន៍បូមទឹក​ មកដល់​ថ្ងៃនេះ​នាយកដ្ឋានធារាសាស្ត្រកសិកម្ម រួមទាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាលបានផ្តល់ជូននូវម៉ាស៊ីនបូមទឹកចល័តកម្លាំង​ ៦៥សេះ ចំនួន ១៣គ្រឿងសម្រាប់ជួយអន្តរាគមន៍បូមទឹកស្រោចស្រពលើផ្ទៃដីប្រមាណជាង ១៧៥៦ហិកតា។
តាមការចុះពិនិត្យជាក់ស្តែងឃើញថាស្រូវប្រាំង ក៏ដូចជាដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះមានដើមដងល្អដោយបានទទួលទឹកពេញលេញ ហើយក៏សង្ឃឹមថានៅពេលច្រូតកាត់នឹងទទួលបាននូវទិន្នផលខ្ពស់ដូចជាបណ្តាឆ្នាំកន្លងទៅដែរ។បន្ទាប់មកក្រុមការងារបានផ្តាំផ្ញើដល់មន្ត្រីបច្ចេកទេស និងអ្នកប្រើប្រាស់ម៉ាស៊ីន សូមបន្តនូវការយកចិត្តទុកដាក់បន្តទៀតក្នុងការថែទាំក៏ដូចជាការប្រើប្រាស់ឲ្យត្រូវទៅតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវការប្រើប្រាស់បានយូរអង្វែង ៕