ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ និងវាយតម្លៃសកម្មភាពបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០២១-២០២២ និងលើកផែនការទិសដៅសម្រាប់អនាគតដ៏ខ្លីខាងមុខ ព្រោះជាក់ស្តែងការងារបង្កបង្កើនផលនារដូវប្រាំងពេលបច្ចុប្បន្ននេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងមានបញ្ហាកង្វះខាតទឹកជារៀងរាល់ឆ្នាំ
ខេត្តបន្ទាយមានជ័យ ÷ នាថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ និងវាយតម្លៃសកម្មភាពបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០២១-២០២២ និងលើកផែនការទិសដៅសម្រាប់អនាគតដ៏ខ្លីខាងមុខ ព្រោះជាក់ស្តែងការងារបង្កបង្កើនផលនារដូវប្រាំងពេលបច្ចុប្បន្ននេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងមានបញ្ហាកង្វះខាតទឹកជារៀងរាល់ឆ្នាំ ។ អមដំណើរឯកឧត្តមរដ្ឋមន្រ្តីចុះពិនិត្យសកម្មភាពការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំង នៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ រួមមាន ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួង លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ លោក នួន គ្រឹស្នា ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប និងក្រុមការងារ ។
លោកប្រធានមន្ទីរទាំងពីរ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពី សកម្មភាពអន្តរាគមន៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ដែលកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតធំ កម្លាំង ៦៥សេះ ចំនួន ០៥គ្រឿង ដើម្បីជួយស្រោចស្រពលើផ្ទៃដីស្រូវប្រាំង ចំនួន ១០.០០០ហិកតា នៅក្នុងភូមិតាសល់ និងភូមិផ្អាវ ស្រុកមង្គលបុរី , ក្នុងនោះមន្ទីរ បានអន្តរាគមន៍លើកទី១ នៅថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតធំចំនួន ០២ គ្រឿង និងលើកទី២ ពីថ្ងៃទី២៧មកដល់ពេលនេះ បានបន្ថែមម៉ាស៊ីនបូមទឹកចំនួន ០៣ គ្រឿងបន្ថែមទៀត សរុប ០៥ គ្រឿង ដើម្បីបូមទឹកពីដៃស្ទឹងមង្គលបុរីផ្នែកខាងក្រោម ទៅជួយសង្រ្គោះស្រូវប្រាំងកំពុងប្រឈម ចំនួន ៩៨៨ហិកតា ដែលនៅឆ្ងាយពីប្រភពទឹក ។























