ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ក្នុងកិច្ចប្រជុំបច្ចេកទេសជាមួយក្រុមការងារនៃវិទ្យាស្ថានរៀបចំផែនការ និងគំរូប្លង់ Shenzhen(UPDIS) ពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយមក្នុងខេត្តព្រះសីហនុ ក្នុងការរៀបចំផែនការមេដេីម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
នៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម មានកិច្ចប្រជុំបច្ចេកទេសតាមរយ:ប្រព័ន្ធអនឡាញ ZOOM ជាមួយក្រុមការងារនៃវិទ្យាស្ថានរៀបចំផែនការ និងគំរូប្លង់ Shenzhen(UPDIS) ដែលទទួលបានកិច្ចសន្យាប្រឹក្សាយោបល់ជាផ្លូវការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការសម្របសម្រួលពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ(United Nations Industrial Development Organization-UNIDO) ពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយមក្នុងខេត្តព្រះសីហនុ ក្នុងការរៀបចំផែនការមេដេីម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមអធិបតីភាពឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ដោយមានចូលរួមពីនាយកដ្ឋានជំនាញពាក់ព័ន្ធ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដេីម្បីប្រមូលនូវព័ត៌មាន ទិន្នន័យពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម សម្រាប់ជាធាតុចូលបន្ថែមក្នុងការរៀបចំផែនការមេដេីម្បីអភិវឌ្ឍខេត្តព្រះសីហនុទាំងមូលឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ឯកឧត្តមអគ្គនាយក ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម មានសេចក្តីសោមនស្សរីករាយក្នុងកិច្ចសហប្រតិបត្តិការ និងផ្តល់ជូននូវទិន្នន័យពាក់ព័ន្ធនានា។ បន្ថែមពីលេីនេះ ឯកឧត្តមអគ្គនាយក បានបញ្ជាក់ផងដែរថា វិសាលភាពនៃការអភិវឌ្ឍនេះ គឺមានទំហំធំធេង ហេីយម្យ៉ាងទៀតភូមិសាស្ត្រខេត្តព្រះសីហនុមានលក្ខណ:ស្មុគស្មាញ និងសាំញ៊ាំ (តំបន់ភ្នំ ខ្ពង់រាប និងទំនាប) ដូចនេះក្រុមកាងារ UPDIS គួរតែចុះមកពិនិត្យ សិក្សា និងវាយតម្លៃដោយផ្ទាល់នៅក្នុងខេត្តព្រះសីហនុ ដោយអាចធ្វេីកិច្ចសហការជាមួយក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ដេីម្បីឲ្យការរៀបចំផែនការមេនេះមានភាពត្រឹមត្រូវ និងច្បាស់លាស់ដោយផ្អែកលេីលក្ខណ:បច្ចេកទេស ហេីយរាល់ការអភិវឌ្ឍត្រូវតែមានសេចក្តីជូនដំណឹង និងមានការចូលរួមពីក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធផងដែរ ៕




















