លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក បានដឹកនាំក្រុមការងារបច្ចេកទេស ចុះទៅប្រព័ន្ធធារាសាស្រ្តជណ្តើរកាច់ ស្ថិតក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីជួបប្រជុំអំពីបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការប្រើប្រាស់ទឹក និងពន្យល់ពីសារៈសំខាន់នៃការបង្កើតឱ្យមាន ស.ក.ប.ទ

ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក បានដឹកនាំក្រុមការងារបច្ចេកទេស ចុះទៅប្រព័ន្ធធារាសាស្រ្តជណ្តើរកាច់ ស្ថិតក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយបានសហការជាមួយមន្រ្តីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពី ដឹកនាំដោយលោក ណុប ព្រីន អនុប្រធានមន្ទីរ និងមានការចូលរួមពីលោក ស្វាយ សារុន អភិបាលរងស្រុកសំរោងទង លោកមេឃុំក្រាំងអំពិល និងបានអនុវត្តការងារ៖
១. ជួបប្រជុំជាមួយអាជ្ញាធរឃុំ ភូមិ និងកសិករដែលទទួលផលពីប្រព័ន្ធធារាសាស្រ្ត ដែលមានការពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកពីអាងទឹកទំនប់ជណ្តើរកាច់ ដើម្បីទទួលបានព័ត៌មាន និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការប្រើប្រាស់ទឹករ និងពន្យល់ពីសារៈសំខាន់នៃការបង្កើតឱ្យមាន ស.ក.ប.ទ ប្រព័ន្ធធារាសាស្រ្តទំនប់ជណ្តើរកាច់។
២. សិក្សាពីទិន្នន័យហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព និងផ្ទៃដីស្រោចស្រពស្ថិតក្នុងតំបន់ប្រព័ន្ធស្រោចទាំងមូល។
៣. សិក្សាពីគោលការណ៍បែងចែកទឹក សម្រាប់បង្កើត ក្រុមកសិករប្រើប្រាស់ទឹក (ក.ក ប.ទ)។
៤. ពន្យល់ពីនីតិវិធីនៃការរៀបចំ ស.ក.ប.ទ. និងដំណើរការបោះឆ្នោតជ្រើសរើសគណ:កម្មាធិការ ស.ក.ប.ទ។
៥. ស្តាប់សំណូមពរ សំណើររបស់កសិករ និងអាជ្ញាធរក្នុងមូលដ្ឋាន ស្នើសុំប្រព័ន្ធប្រឡាយ និងស្តារអូរធម្មជាតិ ដោយសារតែបច្ចុប្បន្ននេះការស្រោចស្រពអាស្រ័យដោយប្រើប្រាស់តាមអូរចាស់ដែលគោករាក់ស្ទើរអស់ទៅហើយ ដែលបង្កបញ្ហាជាច្រើន ដូចជានៅពេលទឹកជំនន់ធ្វើឲ្យលិចលង់ស្រែ តែនៅពេលទឹកតិចមិនអាចបង្ហូរទៅស្រោចស្រពបានទាន់ពេលវេលា ៕