ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំអនុក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត (Sub-TWG on Irrigation Scheme Management) តាមរយៈកម្មវិធី Microsoft Team ដើម្បីធ្វើការត្រួតពិនិត្យ និងពិភាក្សាលម្អិតបន្តលើសេចក្តីព្រាងគោលការណ៍ណែនាំអំពីគំរូលក្ខន្តិកៈ របស់សហគមន៍កសិករប្រើប្រាស់ទឹក

នៅថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ និងឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស និងជាអនុប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំអនុក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត (Sub-TWG on Irrigation Scheme Management) តាមរយៈកម្មវិធី Microsoft Team ដើម្បីធ្វើការត្រួតពិនិត្យ និងពិភាក្សាលម្អិតបន្តលើសេចក្តីព្រាងគោលការណ៍ណែនាំអំពីគំរូលក្ខន្តិកៈ របស់សហគមន៍កសិករប្រើប្រាស់ទឹក។
សមាជិកអនុក្រុមការងារបច្ចេកទេសបានផ្តោតកិច្ចពិភាក្សាដោយផ្អែកលើសេចក្តីព្រាងគោលការណ៍ណែនាំអំពីគំរូលក្ខន្តិកៈសហគមន៍កសិករប្រើប្រាស់ទឹកដែលបានសហការជួយរៀបចំដោយទីប្រឹក្សាបច្ចេកទេស(TA of Sub-TWG on ISM) ពីកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា(WAT4CAM)។ សមាជិកនីមួយៗបានចូលរួមចំណែកផ្តល់ធាតុចូល និងលើកជាមតិយោបល់កែលម្អដោយលម្អិត និងស៊ីជម្រៅសម្រាប់ប្រការនីមួយៗដែលមានចែងក្នុងគំរូលក្ខន្តិកៈ ដែលនឹងឈានទៅរកការបញ្ចប់ការពិភាក្សាទាំងស្រុងក្នុងពេលឆាប់ៗខាងមុខ។ សេចក្តីព្រាងគោលការណ៍ណែនាំអំពីគំរូលក្ខន្តិកៈសហគមន៍កសិករប្រើប្រាស់ទឹក សរុបមានចំនួន ៨ជំពូក ចែកចេញជា ៤០ប្រការ។
ឯកឧត្តមរដ្ឋលេខាធិការ ក្នុងនាមជាប្រធានអនុក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តបានធ្វើការណែនាំ និងផ្តល់អនុសាសន៍អំពីការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំអំពីគំរូលក្ខន្តិកៈសហគមន៍កសិករប្រើប្រាស់ទឹក គឺត្រូវអនុលោមតាមច្បាប់ទឹក និងច្បាប់ផ្សេងទៀតដែលពាក់ព័ន្ធនឹងសហគមន៍កសិករប្រើប្រាស់ទឹក ឬមួយពាក់ព័ន្ធនឹងការប្រើប្រាស់ដីធ្លីរបស់ប្រជាកសិករ ឧទាហរណ៍ដូចជាច្បាប់ភូមិបាលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាដើម៕