លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យមើលគម្រោងសាង់សង់សំណង់បង្ហៀរ(ទ្វារ៣) លើទំនប់អាងទឹកបែកតាប់ និងគម្រោង សាងសង់ទំនប់អាងទឹកក្រពើប្រាំ ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប ÷ នៅថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូ វនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យមើលគម្រោងសាង់សង់សំណង់បង្ហៀរ (ទ្វារ៣) លើទំនប់អាងទឹកបែកតាប់ និងគម្រោងសាងសង់ទំនប់អាងទឹកក្រពើប្រាំ មានទីតាំងស្ថិតនៅក្នុងឃុំវ៉ារិន ឃុំប្រាសាទ និងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ គម្រោងសាង់សង់សំណង់បង្ហៀរ (ទ្វារ៣) លើទំនប់អាងទឹកបែកតាប់ កសាងក្នុងគោលបំណងរួមចំណែករកដំណោះស្រាយទឹក ជូនប្រជាកសិករសម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដិបង្កបង្កើនផលកសិកម្ម ស្រូវរដូវវស្សា ចំនួន ១.៨៥២ ហិកតា ស្រូវរដូវប្រាំង ចំនួន ១២០ ហិកតា និងដំណាំរួមផ្សំចំនួន ១.៥២០ ហិកតា និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋ ចំនួន១៦ភូមិ ។ ទំនប់អាងទឹកបែកតាប់មានតួនាទី ស្ទាក់ទឹកហូរពីប្រភពទឹកតំបន់ខ្ពង់រាបព្រៃស្អាក និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មកតំកល់ទុកក្នុងទំនប់អាងទឹកបែកតាប់ ។ បច្ចុប្បន្នក្រុមការងារ សម្រេចការងារបាន ៨០% ក្នុងទំហំការងារ រួមមាន ៖
-សាងសង់ទំនប់អាងទឹកបែកតាប់ខ្សែទី១ ប្រវែង ១៩០ ម៉ែត្រ
-សាងសង់ទំនប់អាងទឹកបែកតាប់ខ្សែទី២ ប្រវែង ២៦០ ម៉ែត្រ
-សាងសង់សំណង់សិល្បការ ចំនួន០២កន្លែង
ចំណែកគម្រោងសាងសង់ទំនប់អាងទឹកក្រពើប្រាំ មានតួនាទីទទួលទឹកពីផ្ទៃរងទឹកភ្លៀងពីជួរភ្នំព្រម៉ៃ មកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំស្រូវវស្សាប្រមាណ ១.២៧០ហិកតា ស្រូវប្រាំង ២៥០ហិកតា ជាពិសេសប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ បច្ចុប្បន្នក្រុមការងារ សម្រេចការងារបាន ៧០% ក្នុងទំហំការងារ រួមមាន ៖
-សាងសង់ទំនប់អាងទឹកប្រវែង ៣.៤០០ម៉ែត្រ
-សាងសង់សំណង់សិល្បការ ចំនួន ០៥កន្លែង (សំណង់ទ្វារទឹក លើទំនប់ (ទ្វារ៨) ចំនួន ០១កន្លែង
សំណង់ទ្វារទឹក លើទំនប់ (ទ្វារ២) ចំនួន ០២កន្លែង និងសំណង់លូយកទឹក ចំនួន ០២កន្លែង) ៕