គណៈកម្មការអន្តរក្រសួងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ វាយតម្លៃ លទ្ធផលការងារថែទាំជាប្រចាំ ប្រព័ន្ធធារាសាស្ត្រខ្នាតធំចំនួន​ ០២  ប្រព័ន្ធធារាសាស្ត្រកង្ហត ខេត្តបាត់ដំបង និង  ប្រព័ន្ធធារាសាស្រ្ត ស្ទឹងស្រែង របស់់ខេត្តឧត្តរមានជ័យ

ខេត្តបាត់ដំបង-ខេត្តឧត្តរមានជ័យ​​ ÷ នៅថ្ងៃចន្ទ ១៣រោច ដល់ថ្ងៃអង្គារ​ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការអន្តរក្រសួងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ វាយតម្លៃ លទ្ធផលការងារថែទាំជាប្រចាំ ប្រព័ន្ធធារាសាស្ត្រខ្នាតធំចំនួន​ ០២​ រួមមានដូចខាងក្រោម ៖
១-ប្រព័ន្ធធារាសាស្ត្រ កង្ហត ស្ថិតក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង គ្របដណ្តប់ចំនួន ០៤ស្រុក( ស្រុកបាណន់ ស្រុកមោងឫស្សី ស្រុកកោះក្រឡ និងស្រុកសង្កែ) និងក្រុងបាត់ដំបង។​ គម្រោងថែទាំជាប្រចាំនេះ ផ្តោតទៅលើសំណង់ស្ទាក់ស្ទឹង​ (Headwork)ចំនួន ០១កន្លែង និងសំណង់ទ្វារទឹកកាត់ប្រឡាយមេបេតុង សរុបចំនួន ៩២កន្លែង ប្រឡាយមេបេតុងចំនួន ០៩ខ្សែ ប្រវែងសរុប ១៣១.៩៩១ម៉ែត្រ។​ ប្រព័ន្ធធារាសាស្ត្រនេះ​ មានសក្តានុពលស្រោចស្រព លើផ្ទៃដីចំនួន ៦៧.៧០០ហិកតា​ ហើយប្រជាពលរដ្ឋអាចបង្កបង្កើនផលពី ២ ទៅ ៣ដងក្នុងមួយឆ្នាំ។
២-ប្រព័ន្ធធារាសាស្រ្ត ស្ទឹងស្រែង ស្ថិតក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ប្រព័ន្ធធារាសាស្រ្តនេះ គ្របដណ្តប់លើស្រុកចំនួន ០៣ (ស្រុកចុងកាល់ ស្រុកស្រីស្នំ និងស្រុកភ្នំស្រុក) នៃខេត្តចំនួន ០៣ (ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ) គម្រោងថែទាំជាប្រចាំនេះ ផ្តោតទៅលើសំណង់ទ្វារទឹកកាត់ស្ទឹង (Headwork)​ ចំនួន ០២កន្លែង សំណង់បង្ហៀរកាត់ស្ទឹង០២កន្លែងប្រវែង ៩៨០ម៉ែត្រ ទំនប់សណ្ដស្ទឹង០១កន្លែង​ ប្រវែង ២.៩៨៤ម៉ែត្រ សំណង់ស្ទាក់ទឹកលើប្រឡាយមេ ចំនួន​ ៨០កន្លែង។ ប្រព័ន្ធធារាសាស្ត្រនេះ មានប្រឡាយមេចំនួន ០២ខ្សែ ដែលមានប្រវែងសរុប ៨១.០២៩ម៉ែត្រ​ និងថែទាំប្រឡាយរង០៣ខ្សែប្រវែង​ ១៥.៨៦៥ម៉ែត្រ ហើយមានសក្តានុពលស្រោចស្រព លើផ្ទៃដីចំនួន ២៥.០០០ហិកតា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំទឹកបំពេញបន្ថែមចូលអាងត្រពាំងថ្មផងដែរ ៕