ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំមន្ត្រីជំនាញនាយកដ្ឋានពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រមួយចំនួន នៅក្នុងខេត្តកំពង់ចាម និងព្រៃវែង

ខេត្តកំពង់ចាម ÷ ខេត្តព្រៃវែង នាព្រឹកថ្ងៃព្រហស្បតិ៍​ ៧រោច ខែអាសាឍ​ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម​ ឈា​ ប៊ុនរិទ្ធ​ អគ្គនាយកកិច្ចការបច្ចេកទេស​ ដែលជាប្រធានមុខព្រួញខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយលោក​ អ៊ុម​ វិបុល​ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម​​ ចុះពិនិត្យស្ថានភាពទឹក​ និងប្រព័ន្ធធារាសាស្ត្រមួយចំនួន​ ព្រមទាំងការងារបង្កបង្កើនផលស្រូវរដូវវស្សានៅក្នុងខេត្តកំពង់ចាម ៖
– តាមការពិនិត្យជាក់ស្តែង ស្ថានភាពទឹកទន្លេមេគង្គ​គិតត្រឹមពេលនេះ ទឹកទន្លេមេគង្គមានកម្ពស់ ៨,៣៨ម៉ែត្រ បេីធៀបនឹងឆ្នាំមុនកម្ពស់ត្រឹមតែ​ ៦,៤៦ម៉ែត្រ​ ខុសគ្នា​ ១,៩២ម៉ែត្រ​ ហើយកំពុងហក់ឡើងចូលព្រែកមួយចំនួន រីឯទំនប់អាងទឹកមួយចំនួននៃប្រព័ន្ធធារាសាស្រ្ត​ បាននឹងកំពុងតែទទួលបរិមាណទឹកភ្លៀង​ដែលធ្លាក់រាយប៉ាយ​ស្ទេីរបានពេញទាំងស្រុង​ ដែលនាពេលបច្ចុប្បន្ន​ គឺមានលក្ខណៈល្អប្រសេីរសម្រាប់បម្រេីដល់ការងារបង្កបង្កេីនផលស្រូវរដូវវស្សារបស់ប្រជាកសិករនាពេលខាងមុខនេះ។
– ការងារគ្រប់គ្រងទឹក៖ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តកំពង់ចាម​ ក៏បានបង្កេីនការយកចិត្តទុកដាក់លេីការគ្រប់គ្រងបរិមាណទឹកតាមទំនប់អាងទឹក​នីមួយៗ​ ដោយបានចាត់ឲ្យមានឆ្មាំប្រចាំការជាប់ជាប្រចាំ​សម្រាប់បញ្ជាការបិទ-បេីកទ្វារទឹក​ ក្នុងបរិបទដែលកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប​ ក៏ដូចជាការត្រៀមបង្ការ​ និងទប់ស្កាត់នូវគ្រោះមហន្តរាយនានាដែលអាចកេីតមានឡេីងជាយថាហេតុនាចុងរដូវវស្សានេះ។ បន្ថែមពីលេីនេះផងដែរ​ ឯកឧត្តម ក៏បានផ្តាំផ្ញេីតាមរយ:ប្រធានមន្ទីរខេត្ត ឲ្យជួយធ្វេីការផ្សព្វផ្សាយប្រាប់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែក​ និងដងទន្លេមេគង្គ​ បង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយនឹងស្ថានភាពការហក់ឡេីងនៃទឹកទន្លេ​មេគង្គ និងទឹកភ្លៀងនាពេលបច្ចុប្បន្ន​ និងពេលខាងមុខនេះផងដែរ។ ស្របពេលនេះផងដែរ​ លោក​ អ៊ុម​ វិបុល​ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយម​ បានបញ្ជាក់ផងដែរថា​៖​ ដោយមានភ្លៀងដេីមរដូវជាហូរហែ​ គិតរហូតមកដល់ពេលនេះ​ ខេត្តកំពង់ចាម​ល្បឿននៃការបង្កបង្កើនផលស្រូវរដូវវស្សាអនុវត្តបានចំនួន​ ៨៦.១៣៨ហិកតា=៩៩,៥៨% លេីផែនការសរុបចំនួន ៨៦.៥០០ហិកតា។
​ឯកឧត្តម​ ឈា​ ប៊ុនរិទ្ធ និងក្រុមការងារ​ ក៏បានចុះពិនិត្យជាក់ស្តែងនូវស្ថានភាពប្រព័ន្ធធារាសាស្ត្រមួយចំនួនដែលទេីបតែបញ្ចប់ការសាងសង់រួច​ និងជួសជុលខួប​ ព្រមទាំងបណ្តាប្រព័ន្ធធារាសាស្រ្តមួយចំនួនទៀតនៅក្នុងខេត្តកំពង់ចាម ដែលមានជាអាទិ៍ដូចខាងក្រោម៖
– សំណង់បង្ហៀរនៃប្រព័ន្ធធារាសាស្ត្រស្ទឹងឆ្វេង ស្ថិតក្នុងឃុំច្បារអំពៅ ស្រុកបាធាយ ដែលទេីបតែសាងសង់ថ្មីរួច​
– សំណង់បង្ហៀរនៃប្រព័ន្ធធារាសាស្ត្រអន្លង់ជ្រៃ ស្ថិតក្នុងឃុំច្បារអំពៅ ស្រុកបាធាយ​ ដែលទេីបតែសាងសង់ថ្មីរួច​
– ប្រព័ន្ធធារាសាស្ត្រគោអេីត​ ស្ថិតក្នុងឃុំមេព្រីង​ ស្រុកបាធាយ​ ដែលទេីបតែជួសជុលបញ្ចប់​សុពលភាព ១០០%​
– ប្រព័ន្ធធារាសាស្ត្រពោធិ៍តាត្រេះ​ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ​ ដដែលទេីបតែជួសជុលខួប
នាពេលរសៀលថ្ងៃដដែល​ ឯកឧត្តមអគ្គនាយក​ និងក្រុមការងារដោយមានការចូលរួមពីលោក​ ឃុន​ សាខឿន​ ប្រធានមន្ទីរ និងមន្ត្រីជំនាញនៃធនធានទឹក​ និងឧតុនិយមខេត្តព្រៃវែង​ បន្តដំណេីរចុះពិនិត្យជាក់ស្តែងដល់ទីតាំងស្ទឹងជោរ​ដែលត្រូវស្តារ ស្ថិតក្នុងភូមិថ្នល់កែង​ ឃុំស្មោងជេីង​ និងភូមិជោរទី១​ ឃុំក្រញូង​ ស្រុកកំចាយមារ​ ក្នុងគោលបំណងដេីម្បីបង្កេីនបរិមាណស្តុកទឹក​សម្រាប់បម្រេីដល់ប្រយោជន៍សាធារណៈ​របស់ប្រជាពលរដ្ឋក្នុងតំបន់អាចប្រេីប្រាស់បានគ្រប់គ្រាន់ជាប្រចាំថ្ងៃ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ​ ការងារស្តារសម្រេចបានប្រមាណ​ ៨០%។ ជាមួយគ្នានេះដែរ​ ឯកឧត្តមអគ្គនាយក​ ក៏បានណែនាំការស្តារឲ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស និងគំនូសប្លង់ដែលបានឯកភាពគ្នារវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់មូលដ្ឋាន ដើម្បីធ្វើឲ្យដំណើរការស្តារស្ទឹងជោរនេះសម្រេចបានជោគជ័យ ១០០% នាពេលដ៏ខ្លីខាងមុខនេះ៕