នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ស.ក.ប.ទ. ដោយមានការចូលរួមសហការពីលោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង បានចុះទៅអនុវត្តការងារក្រោមកញ្ចប់ថវិកាគម្រោងគាំទ្រ ពង្រឹង និងបង្កើត ស.ក.ប.ទ. ធ្វើការជួបប្រជុំជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្ត្រ ស្រែក្រសាំង ស្ថិតក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូក និងសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្ត្រ អូររៃ ស្ថិតក្នុងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បី ៖
១. ប្រជុំពិភាក្សាអំពីសកម្មភាពការងារ និងការរីកចម្រើនរបស់ ស.ក.ប.ទ.
២. ពិនិត្យ និងពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ. អំពីការអនុវត្តនូវសកម្មភាពការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ (O&M)
៣. ជម្រុញលើកទឹកចិត្តដល់គណៈកម្មាធិការ ស.ក.ប.ទ. បន្ថែមទៀតលើការប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តសម្រាប់ទ្រទ្រង់ដល់កិច្ចដំណើការរបស់ ស.ក.ប.ទ.
៤. ពិនិត្យចំណូល និងណែនាំអំពីការចំណាយផ្សេងៗសម្រាប់ការងារជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត និងកិច្ចការរដ្ឋបាលទូទៅរបស់ ស.ក.ប.ទ.
៥. ពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផ្សេងៗរបស់គណៈកម្មាធិការ ស.ក.ប.ទ.
៦. ចុះពិនិត្យស្ថានភាពទូទៅនៃប្រព័ន្ធធារាសាស្ត្រ ៕