ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM  បានអញ្ជើញអមដំណើរគណៈប្រតិភូរបស់ ADB ដែលដឹកនាំដោយលោកជំទាវ Jyotsanna Varma ចុះធ្វើទស្សនៈកិច្ចត្រួតពិនិត្យលើតំបន់ប្រព័ន្ធធារាសាស្រ្តខ្នាតធំតាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ 

ខេត្តកំពង់ធំ ÷ នៅថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM លោកអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោកអភិបាលនៃគណៈអភិបាលស្រុកសន្ទុក សហការីជាតិ និងអន្តរជាតិ អស់លោកប្រធានអនុប្រធាននាយកដ្ឋាន មន្រ្តីបច្ចេកទេសដែលបានអញ្ជើញមកពីគ្រប់អង្គភាពចំណុះឲ្យក្រសួងធនធានទឹក និងឧតុនិយម លោកប្រធានអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ សហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង បានអញ្ជើញអមដំណើរគណៈប្រតិភូរបស់ ADB ដែលដឹកនាំដោយលោកជំទាវ Jyotsanna Varma ចុះធ្វើទស្សនៈកិច្ចត្រួតពិនិត្យលើតំបន់ប្រព័ន្ធធារាសាស្រ្តខ្នាតធំតាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាគម្រោងឆ្នើមរបស់ ADB ធៀបទៅនឹងបណ្តាលគម្រោងទាំងអស់ក្នុងពិភពលោក។
ADB បានធ្វើការកោតសរសើរយ៉ាងខ្លាំងលើស្នាដៃរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានប្រែក្លាយអតីតតំបន់ប្រទាញប្រទុងដោយសារសង្រ្គាមមួយនេះមកជាតំបន់ប្រព័ន្ធធារាសាស្រ្តទំនើបកម្មវិស្វកម្មមានលក្ខណៈគ្រប់ជ្រុងជ្រោយអនុត្តរភាពតភ្ជាប់ជាមួយនឹងប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត ទៅជាការផ្គត់ផ្គងដោយប្រព័ន្ធទឹករស់ទាំងនៅក្នុងរដូវប្រាំង និងនៅក្នុងរដូវវស្សាសម្រាប់បម្រើឲ្យគ្រប់វិស័យប្រកបដោយសន្តិសុខ និងសុវត្ថិភាព។
យោងតាមស្នារដៃដ៏ល្អខាងលើនេះ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ MEF ADB និងសហហិរញ្ញប្បទានធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB នឹងអនុញាតឲ្យក្រសួងធនធានទឹក និងឧតុនិយម ធ្វើការបើកការដ្ឋានប្រតិបត្តិការលើកិច្ចការទំនើបកម្មវិស្វកម្មក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត ជំហាន៣ ក្នុងពេលដ៏ខ្លីខាងមុខនេះ ៕