ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និង គណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) នៃក្រសួងធនធានទឹក និងឧតុនិយម និង តំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេបានចុះពិនិត្យ និងវាយតម្លៃ គម្រោងការពារច្រាំងទន្លេមេគង្គ និងច្រាំងព្រែកកុយ

ខេត្តកណ្តាល-ខេត្តកំពង់ចាម ÷ នៅថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និង គណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) នៃក្រសួងធនធានទឹក និងឧតុនិយម និង តំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេបានចុះពិនិត្យ និងវាយតម្លៃ គម្រោងការពារច្រាំងទន្លេមេគង្គ និងច្រាំងព្រែកកុយ ដូចខាងក្រោម ៖
១. គម្រោងការពារច្រាំងទន្លេមេគង្គ និងច្រាំងព្រែក កុយ សរុបប្រវែង ៩៧០ម៉ែត្រ ស្ថិតនៅឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយរៀបប្រអប់ថ្ម Gabion Box ផ្នែកខាងលើ និង រៀបបាវ Geotextile Bags ការពារផ្នែកខាង ក្រោមនៃច្រាំងទន្លេ និងព្រែក ដែលការងារសម្រេចបាន ១០០%។ សូមបញ្ជាក់ថា ទីតាំងនេះ កាលពីមុនមានការបាក់ស្រុតដល់ផ្លូវលេខ ៧០A និងផ្លូវបេតុង ដែលបានប៉ះពាល់ការធ្វេីចរាចរណ៍ឆ្លងកាត់ ។
២.គម្រោងការពារច្រាំងព្រែកអន្លង់គគី ប្រវែង ៤៩៥ម៉ែត្រ នៅភូមិអន្លង់គគី ឃុំព្រែកកុយ ប្រវែង ១១០ម៉ែត្រ និងឃុំស្តៅ ប្រវែង ៣៨៥ម៉ែត្រ ស្ថិតនៅស្រុកកងមាស ខេត្តកំពង់ចាម (ជំហានទី២) ក្រោយពីបានបញ្ចប់សុពលភាពរយ:ពេល ១២ខែ។
ជារួមក្រុមការងារបានពិនិត្យវាយតម្លៃឃើញថា គម្រោងការពារច្រាំងទន្លេមេគង្គ និងច្រាំងព្រែកកុយ នៅ០២កន្លែងខាងលើនេះ គឺត្រឹមត្រូវតាមបច្ចេកទេស និងធានាគុណភាពបានល្អ ៕