នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ រួមជាមួយឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន លោកអនុប្រធាន ព្រមទាំងសមាជិក សមាជិការបស់លេខាធិការដ្ឋានសរុបចំនួន ២០រូប។
ឯកឧត្ដមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ជាលទ្ធផលកិច្ចប្រជុំសម្រេចបាន រួមមាន៖ ទី១)ពិនិត្យ ពិភាក្សា បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ បញ្ហាប្រឈម និងលើកទិសដៅការងារឆ្នាំ២០២៥ ទី២)ពិភាក្សាពីវឌ្ឍនភាពការងារមួយចំនួនរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ទី៣)បទបង្ហាញស្តីពីសកម្មភាពនៃការពង្រឹងវិធានការច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងអាងទន្លេ និងទី៤)បទបង្ហាញស្តីពីការចែករំលែកបទពិសោធន៍ ការរៀបចំផែនការការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន។
ជាចុងក្រោយ ឯកឧត្តមអនុរដ្ឋលេខាធិការបានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តដល់សមាជិក សមាជិកានៃលេខាធិការដ្ឋានទាំងអស់ត្រូវសហការ និងខិតខំប្រឹងប្រែងអនុវត្តការងារ តាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ព្រមទាំងគោរពរាយការណ៍ពីវឌ្ឍនភាពការងារប្រចាំឆ្នាំជូនឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដើម្បីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បន្ថែមទៀត៕