នៅថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ចុះពិនិត្យការងារស្ដារអាងទឹកព្រែកតាពៅ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា អាងទឹកព្រែកតាពៅ ត្រូវបានរដ្ឋបាលខេត្តស្វាយរៀងលើកគម្រោងស្ដារដើម្បីរំដោះទឹកជំនន់ ហើយគម្រោងស្ដារព្រែកនេះកំពុងអនុវត្តមិនទាន់បញ្ចប់នៅឡើយ។ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានណែនាំដល់អ្នកទទួលខុសត្រូវការដ្ឋានឱ្យបន្តយកចិត្តទុកដាក់អនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសប្រកបដោយគុណភាព និងសោភណភាព៕