មន្រ្ដីជំនាញបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ចុះអន្តរាគមន៍បន្ទាន់រៀបចំបាវខ្សាច់ការពារជើងទេរទំនប់ និងសំណង់ទ្វារទឹកទំនប់កែប្រែ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម រួចរាល់ស្ថាពរ ១០០%
ផុសថ្ងៃ: 13-08-2026 | អ្នកអាន: 125 |
នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ មន្ត្រីជំនាញបច្ចេកទេសនៃនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះអន្តរាគមន៍បន្ទាន់រៀបចំបាវខ្សាច់ការពារជើងទេរទំនប់ និងជុំវិញសំណង់ទ្វារទឹកទំនប់កែប្រែ ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបច្ចុប្បន្នការងារនេះត្រូវបានបញ្ចប់ជាស្ថាពរ ១០០ភាគរយ។
យោងតាមរបាយការណ៍របស់នាយកដ្ឋានបច្ចេកទេស ការចុះអន្តរាគមន៍ជួសជុលបន្ទាន់ដោយការរៀបបាវខ្សាច់គឺដើម្បីទប់ស្កាត់ការហូរច្រោះជើងទេរទំនប់ និងសំណង់ទ្វារទឹក ព្រមទាំងរក្សាទឹកទុកសម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់បងប្អូនប្រជាកសិករ ក្នុងការបង្កបង្កើនផលស្រូវក្នុងចុងរដូវវស្សានេះ។ ទន្ទឹមនឹងនេះ ទំនប់កែប្រែនេះគ្រោងនឹងជួសជុលកែលម្អឱ្យបានរឹងមាំនៅដើមឆ្នាំ២០២៧ ដើម្បីធានាប្រសិទ្ធភាពរក្សាទឹកសម្រាប់ស្រោចស្រព ២ ទៅ ៣ដងក្នុងមួយឆ្នាំ។
សូមជម្រាបថា ទំនប់នេះមានសមត្ថភាពស្តុកទឹក ១២លានម៉ែត្រគូប និងស្រោចស្រពផ្ទៃដី ១ ០៨៣ហិកតា។ ការបាក់ស្រុតកើតឡើងដោយសារការពង្រីកផ្លូវបេតុងជិតទ្វារទឹក ប៉ុន្តែខ្វះការបង្ហាប់ជើងទេរឱ្យរឹងមាំ ទើបទឹកភ្លៀងហូរច្រោះ។ ម្យ៉ាងវិញទៀត ទំនប់ និងទ្វារទឹកដែលសាងសង់យូរហើយនេះ ពុំធ្លាប់ទទួលបានការជួសជុលទេ ដោយបច្ចុប្បន្នទ្រុឌទ្រោមខ្លាំង មិនអាចតម្កល់ទឹកបានច្រើន ប្រឈមក្នុងការបើក-បិទ និងអាចដាច់សន្ទះទ្វារទឹកទៀតផង៕